(ម៉ានីល)៖ ហ្វីលីពីនបានចោទប្រកាន់ចិនថា បានបំពានកិច្ចព្រមព្រៀងដែលបានបង្កើតឡើងដើម្បីធានាបេសកកម្មផ្គត់ផ្គង់ទៅកាន់កប៉ាល់យោធារបស់ហ្វីលីពីនដែលឈរជើងនៅសមុទ្រចិនខាងត្បូង ដោយអះអាងថា ចិនបានបង្ខូចទ្រង់ទ្រាយសកម្មភាពរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
ការចោទប្រកាន់នេះបានកើតឡើង បន្ទាប់ពីហ្វីលីពីនបានបញ្ជូនបេសកកម្មផ្គត់ផ្គង់ទៅកាន់នាវា Sierra Madre ដែលជានាវាចម្បាំងសល់ពីសង្គ្រាមលោកលើកទី២ នៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។ ទោះបីជាមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរក៏ដោយ ហ្វីលីពីនអះអាងថាចិនបានបង្ហាញពីវត្តមានយោធាក្នុងតំបន់នេះ ដែលបានបំពានលើកិច្ចព្រមព្រៀងដែលទើបតែបានធ្វើឡើង។
ក្រសួងការបរទេសហ្វីលីពីនបានបញ្ជាក់ថា បេសកកម្មផ្គត់ផ្គង់បានបញ្ចប់ដោយសុវត្ថិភាព ប៉ុន្តែបានសម្តែងការសោកស្តាយ ចំពោះការបកស្រាយខុសរបស់ចិនចំពោះស្ថានការណ៍នេះ។ ហ្វីលីពីនបានអះអាងថា បេសកកម្មផ្គត់ផ្គង់នេះ គឺជាការអនុវត្តទៅតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងពួកគេ។
គួរបញ្ជាក់ថា នៅដើមខែនេះ បន្ទាប់ពីការប៉ះទង្គិចគ្នាម្តងហើយម្តងទៀត នៅក្នុងតំបន់ជម្លោះនៃតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ប្រទេសទាំងពីរបានឈានដល់ «ការរៀបចំបណ្តោះអាសន្ន» ស្តីពីភារកិច្ចផ្គត់ផ្គង់ឡើងវិញសម្រាប់ទាហានដែលឈរជើងនៅនាវា Sierra Madre ដែលជានាវាកងទ័ពជើងទឹកទីក្រុងម៉ានីល ដែលបានចុះចតដោយចេតនាក្នុងឆ្នាំ១៩៩៩ ដើម្បីពង្រឹងដែនសមុទ្រដែលខ្លួនទាមទារ។
កិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងហ្វីលីពីននិងចិននេះ មានគោលបំណងដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ ប៉ុន្តែការចោទប្រកាន់ថ្មីបានបង្ហាញថា ភាពខុសគ្នារវាងប្រទេសទាំងពីរនៅតែបន្តមាន។ អ្នកវិភាគបានព្រមានថា ស្ថានការណ៍នេះអាចនឹងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ ហើយអាចប៉ះពាល់ដល់ស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕