(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអាទិត្យនេះបានគំរាមចាប់ផ្តើមផលិតអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យមឡើងវិញ ប្រសិនបើសហរដ្ឋអាមេរិកបញ្ជាក់ពីចេតនារបស់ខ្លួន ក្នុងការដាក់ពង្រាយមីស៊ីលទៅកាន់ប្រទេសអាល្លឺម៉ង់ ឬកន្លែងផ្សេងទៀតនៅទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។

លោក ពូទីន ព្រមានថា រុស្ស៊ីអាចនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងមិនដាក់ពង្រាយអាវុធមីស៊ីលបាញ់ប្រហាររយៈចម្ងាយមធ្យម និងខ្លី ដែលបានធ្វើឡើងកាលពីអតីតកាល ប្រសិនបើសហរដ្ឋអាមេរិកបន្តអនុវត្តផែនការនេះ។

មីស៊ីលបែបនេះអាចធ្វើដំណើរបានចម្ងាយពី ៥០០ គីឡូម៉ែត្រ ទៅ ៥,៥០០ គីឡូម៉ែត្រ គឺជាកម្មវត្ថុនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធដែលបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងសហភាពសូវៀត ក្នុងឆ្នាំ ១៩៨៧។ ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូបានដកខ្លួនចេញពីសន្ធិសញ្ញានេះក្នុងឆ្នាំ ២០១៩។

គួរបញ្ជាក់ថា រុស្ស៊ីបាននិយាយជាបន្តបន្ទាប់ថា ខ្លួននឹងមិនចាប់ផ្តើមផលិតមីស៊ីលបែបនេះឡើងវិញទេ ដរាបណាសហរដ្ឋអាមេរិកមិនដាក់ពង្រាយមីស៊ីលនៅបរទេស។

នៅដើមខែកក្កដានេះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៊ែរឡាំងបានប្រកាសថា «ការដាក់ពង្រាយជាដំណាក់កាល» នៃមីស៊ីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក រួមទាំងកាំជ្រួច Tomahawk ទៅកាន់ប្រទេសអាល្លឺម៉ង់ នឹងចាប់ផ្តើមនៅឆ្នាំ ២០២៦៕