(ប៉េកាំង)៖ នៅប៉ុន្មានថ្ងៃបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ គណៈប្រតិភូដែលបង្កើតឡើងដោយអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃសហគ្រាសអាមេរិកដូចជា ក្រុមហ៊ុន FedEx ក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុន Apple និងក្រុមហ៊ុន Boeing ជាដើមបានមកបំពេញទស្សនកិច្ចនៅប្រទេសចិន។ មានការវិភាគលើកឡើងថា គណៈប្រតិភូនៃអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃសហគ្រាសអាមេរិកមកបំពេញទស្សនកិច្ច នៅប្រទេសចិននៅពេលនេះ បានបង្ហាញថា ពួកគេសង្ឃឹមចង់ឈ្វេងយល់ពី ការរៀបចំចាត់ចែងគោលនយោបាយ អំពីការធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ ថែមមួយកម្រិតទៀតរបស់ចិន ហើយរំពឹងថាអាចក្តាប់ជាប់ឱកាសឈ្នះ-ឈ្នះបាន។
បើមើលពីពេលវេលាអាចឃើញថា ការមកបំពេញទស្សនកិច្ចនៅប្រទេសចិន របស់គណៈប្រតិភូអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃសហគ្រាសអាមេរិកលើកនេះពិតជា “ចំពេលល្អណាស់”។ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០បានគ្រោងផែនការគោលថ្មី នៃកំណែទម្រង់និងការបើកទូលាយរបស់ចិន ហើយបង្ហាញពីការប្តេជ្ញាចិត្តស្តីពីការពង្រីក ការបើកទូលាយចំពោះអន្តរជាតិផងដែរ។
ដូចពួកគេបានថ្លែងថា ស្វាគមន៍កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០បញ្ចេញសញ្ញា ដ៏សំខាន់ស្តីពីការធ្វើកំណែទម្រង់ ឱ្យមានភាពស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត រំពឹងថា កិច្ចប្រជុំពេញអង្គ នឹងជំរុញកំណែទម្រង់ខាងសេដ្ឋកិច្ច និងការពង្រីកការបើកទូលាយជុំថ្មី ដើម្បីទាក់ទាញការវិនិយោគបរទេសជានិរន្តរភាពឱ្យបានច្រើន។
តាមទិន្នន័យថ្មីបំផុតបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចចិនបានបន្តនិន្នាការទៅរកភាពល្អប្រសើរឡើងវិញ ពោលគឺ ផលិតផលក្នុងស្រុកសរុប នៃប្រទេសចិននៅឆមាសទីមួយឆ្នាំនេះ បានឡើងដល់៦១,៧ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ។ ពេលថ្មីៗចុងក្រោយនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានដំឡើងការប៉ាន់ប្រមាណ ចំពោះល្បឿនកំណើនសេដ្ឋកិច្ច នៅឆ្នាំនេះរបស់ចិន ដោយសម្គាល់ឃើញថា អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីនៅអាស៊ី ដែលមានប្រទេសចិនជាដើម ជាតំណាងនៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចសកលដដែល។
កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានគូសបញ្ជាក់ថា នឹងសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ នៃសេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំ យ៉ាងមុតមាំមិនងាករេ គឺដោយសារមានមូលដ្ឋានបែបនេះ បានជាអ្នកទទួលខុសត្រូវ នៃសហគ្រាសអាមេរិក ដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិន មានជំនឿចិត្តកាន់តែខ្លាំងក្នុងការស្វែងរក កិច្ចសហប្រតិបត្តិការ។
សូមមើលទីផ្សារទ្រង់ទ្រាយធំសិន។ តាមការព្យាករណ៍ រាល់ពេលអត្រាធ្វើនគរូបនីយកម្មរបស់ចិន កើនឡើង១ភាគរយ ក៏អាចជំរុញការវិនិយោគថ្មី ក្នុងតម្លៃប្រហែល១សែន៤ម៉ឺនលានដុល្លារអាមេរិក និងការប្រើប្រាស់ថ្មីក្នុងតម្លៃ២ម៉ឺន៨ពាន់លានដុល្លារអាមេរិក ។ រាល់ពេលសមាមាត្រនៃក្រុមមនុស្សចំណូលមធ្យម កើនឡើង១ភាគរយ នោះនឹងបង្កើនការចំណាយខាងការប្រើប្រាស់ ជាង១សែន៥ម៉ឺនលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ ក្រឡេកមើលកិច្ចសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានបញ្ចេញសញ្ញាដ៏ច្បាស់លាស់ថា ចិននឹងតភ្ជាប់នឹងក្រឹត្យក្រមខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានស្តង់ដារខ្ពស់អន្តរជាតិ ដោយម្ចាស់ការ ដើម្បីសម្រេចបាននូវឯកភាពគ្នា និងភាពស៊ីសង្វាក់គ្នាខាងបទប្បញ្ញត្តិ ការគ្រប់គ្រងនិងស្តង់ដារ ក្នុងវិស័យការពារកម្មសិទ្ធិ ស្តង់ដារបរិស្ថាន ធុរកិច្ចអេឡិចត្រូនិក និងហិរញ្ញវត្ថុជាដើម ។ តំណាងនៃមជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មអាមេរិក ដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនលើកនេះ បានគូសបញ្ជាក់ថា រំពឹងទុកធ្វើឱ្យកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍបៃតង សុខាភិបាល អប់រំនិងវប្បធម៌មនុស្សជាតិជាដើម រវាងភាគីទាំងពីរមានភាពកាន់តែស៊ីជម្រៅ ថែមមួយកម្រិតទៀត។
អ្នកផងទាំងពួងក៏បានឃើញចំណុចជាគន្លឹះពីការបំពេញទស្សនកិច្ចនៅប្រទេសចិននៃគណៈប្រតិភូអ្នកទទួលខុសត្រូវនៃសហគ្រាសអាមេរិកថា ចិនប្រឆាំងនឹងការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ជាប់រហូតមក ផ្តួចផ្តើមឱ្យទទួលការអភិវឌ្ឍជាមួយគ្នា។ នេះគឺសម្របទៅតាម ក្បួនច្បាប់សេដ្ឋកិច្ច ហើយក៏សមស្របនឹងផលប្រយោជន៍ របស់សហគ្រាសអាមេរិកផងដែរ។ តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មាន CNN របស់អាមេរិកនាពេលថ្មីៗនេះបានឱ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Joe Biden រក្សាទុកវិធានការបន្ថែមពន្ធគយ ក្នុងសម័យកាលរដ្ឋាភិបាលលោកត្រាំ ជនជាតិអាមេរិកនៅតែបង់ថ្លៃខ្ពស់ ចំពោះទំនិញប្រភេទស្បែកជើង កាបូបវ៉ាលីសនិងមួកដដែល ។ នេះបានបញ្ជាក់ម្តងទៀតថា “ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់” នឹងមិនអាចនាំមកនូវផលប្រយោជន៍អ្វីឡើយ។
ទីផ្សារធំរបស់ចិនគឺជាកាលានុវត្តភាពនៃពិភពលោក ។ នៅពេលអនាគត ទន្ទឹមនឹងការអនុវត្តជាក់ស្តែងជាបន្តបន្ទាប់ នូវវិធានការកំណែទម្រង់ដ៏សំខាន់ជាង ៣០០ផ្នែកដែលបានលើកឡើងក្នុងឯកសារនៃកិច្ចប្រជុំពេញអង្គ កម្លាំងរស់រវើកនៃទីផ្សាររបស់ចិន នឹងត្រូវបំផុសជាបន្តបន្ទាប់ ដែលនឹងបំពេញបន្ថែមកម្លាំងចលករដល់ ការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏ផ្តល់លំហអភិវឌ្ឍន៍ កាន់តែទូលំទូលាយដល់សហគ្រាសនៃប្រទេសនានា ដែលបូករួមទាំងសហគ្រាសអាមេរិកផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន