(ហាណូយ)៖ កាលពីវេលាជិតថ្ងៃត្រង់ ថ្ងៃអាទិត្យនេះ មានករណីគ្រោះរញ្ជួយផែនដីមួយកម្រិត៥.១រ៉ិចទ័រ បានកើតមានឡើង នៅឯតំបន់ភាគកណ្តាល នៃប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។
ប្រជាពលរដ្ឋនៅខេត្តរតនគីរី បានថ្លែងប្រាប់ថា ពួកគាត់ទទួលរងនូវការញ័ររញ្ជួយដីតិចៗប៉ុន្មានវិនាទីផងដែរ។
ទីភ្នាក់ងារ USGS បានរាយការណ៍ថា ចំណុចរំញ័រកណ្តាលនៃរញ្ជួយដីខាងលើ ស្ថិតនៅចម្ងាយប្រមាណ៥៣គីឡូម៉ែត្រ ពីភាគឦសានទីក្រុង Kon Tum ក្នុងខេត្ត Kon Tum របស់វៀតណាម ហើយហេតុការណ៍នេះ បានកើតឡើង នាវេលាម៉ោង១១៖៣៦នាទីព្រឹក និងមានជម្រៅ៤.៥គីឡូម៉ែត្រក្រោមផ្ទៃដី។ មកទល់ឥឡូវ ហាក់មិនទាន់មានសេចក្តីរាយការណ៍ណាមួយ អំពីការខូចខាតឬមនុស្សរងគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយរញ្ជួយដីនេះ នៅឡើយទេ។
គួរបញ្ជាក់ថា ខេត្ត Kon Tum មានព្រំប្រទល់ជាប់ខេត្ត Sekong និង Attapeu របស់ប្រទេសឡាវ ព្រមទាំងខេត្តរតនគិរីរបស់កម្ពុជា។ ដោយសារចំណុចរំញ័រ នៅមិនឆ្ងាយប៉ុន្មានពីតំបន់ព្រំប្រទល់ឡើយនោះ អ្នកដែលស្ថិតនៅកៀកតំបន់ព្រំដែនក្នុងប្រទេសឡាវ និងកម្ពុជា បានទទួលនូវអារម្មណ៍ អំពីការញ័រតិចៗនៃគ្រោះរញ្ជួយដីនេះប៉ុន្មានវិនាទីផងដែរ៕