(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) បានអះអាងថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោច៣០នាក់ បានស្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ចំលើសាលារៀនមួយកន្លែង ដែលបម្រើជាទីជ្រកកោន សម្រាប់ជនព្រាត់ប្រាសពីផ្ទះសម្បែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។
អ៉ីស្រាអែលបាននិយាយថា ការវាយប្រហារខាងលើ មានគោលដៅលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលប្រើប្រាស់បរិវេណសាលាខាងលើ ដើម្បីធ្វើប្រតិបត្តិការ។ អ៉ីស្រាអែលអះអាងថា ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ Gaza ប្រើប្រាស់ជនស៉ីវិលស្លូតត្រង់ធ្វើជាខែល តាមរយៈការធ្វើប្រតិបត្តិការ នៅកន្លែងដែលមានមនុស្សច្រើនៗ ព្រមទាំងតំបន់មនុស្សធម៌ សាលារៀន និងមន្ទីរពេទ្យ ជាដើម ជាការប្រកាន់ដែល ក្រុមហាម៉ាសបានច្រានចោល។
ដោយឡែក កាលពីថ្ងៃសៅរ៍ដដែល អាជ្ញាធរអ៉ីស្រាអែល បានឱ្យដឹងថា ការវាយប្រហារដោយរ៉ុក្កែត បានត្រូវចំលើបរិវេណទីធ្លាបាល់ទាត់មួយកន្លែង នៅតំបន់ Golan Height ដែលស្ថិតក្រោមការត្រួតត្រារបស់អ៉ីស្រាអែល ហើយបានផ្តាច់ជីវិតមនុស្ស១២នាក់។ អ៉ីស្រាអែល បានទម្លាក់កំហុសលើក្រុម Hezbollah ដែលមានមូលដ្ឋាននៅប្រទេសលីបង់ និងបានប្តេជ្ញាសងសឹកក្នុងតម្លៃដ៏ធ្ងន់មួយ តបតទៅវិញ។ ក្រុម Hezbollah ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធការវាយប្រហារនេះទេ ប៉ុន្តែមុននោះ បានប្រកាសថា អំពីការវាយប្រហាររ៉ុក្កែត ដោយកំណត់គោលដៅលើ ទីតាំងយោធារបស់អ៉ីស្រាអែល។
គួរបញ្ជាក់ថា ការវាយប្រហារដាក់គ្នារវាងអ៉ីស្រាអែល និងក្រុម Hezbollah លីបង់ ដែលស្របពេលជាមួយសង្រ្គាមអ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសនៅ Gaza បានបង្កើនការភ័យព្រួយជាខ្លាំង អំពីការរីករាលដាលពេញទី នៃជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នាចុងសប្តាហ៍នេះ នាយកទីភ្នាក់ងារ CIA របស់អាមេរិក លោក William Burns ត្រូវគេរំពឹងថា នឹងជួបគ្នានៅទីក្រុងរ៉ូមប្រទេសអ៉ីតាលី ជាមួយសមភាគីអ៉ីស្រាអែលនិងអេហ្ស៉ីប ព្រមទាំងនាយករដ្ឋមន្រ្តីកាតា ដើម្បីពិភាក្សាអំពីបទឈប់បាញ់សម្រាប់សង្រ្គាម Gaza និងការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស៕