(ព្យុងយ៉ាង)៖ នៅថ្ងៃអាទិត្យនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កូរ៉េខាងជើងបានប្តេជ្ញាកម្ទេចសត្រូវឱ្យខ្ទេចទាំងស្រុង ក្នុងករណីផ្ទុះសង្រ្គាម នៅពេលដែលមេដឹកនាំរបស់ខ្លួន គឺលោក គីម ជុងអ៊ុន ដាក់ចេញបទបញ្ជា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។
KCNA បានរាយការណ៍ថា ក្រុមមន្រ្តីយោធាជាន់ខ្ពស់កូរ៉េខាងជើង បានធ្វើការអត្ថាធិប្បាយដូចខាងលើ ដោយសារតែការកើនឡើងខ្លាំងនៃកំហឹងចំពោះសហរដ្ឋអាមេរិក ក៏ដូចជាកូរ៉េខាងត្បូង ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រោមអធិបតីរបស់លោក គីម ជុងអ៊ុន ដើម្បីអបអរគម្រប់ខួបទី៧១ នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ។
ក្រុមមន្រ្តីយោធាកូរ៉េខាងជើង បានចោទប្រកាន់ ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងសេអ៊ូល មានបំណងចង់ឱ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ហើយបានប្តេជ្ញាពង្រឹងសមត្ថភាពធ្វើសង្រ្គាម ដើម្បីអាចបើកការវាយប្រហារដ៏ខ្លាំងក្លាលើសលប់លើសត្រូវនានា បានគ្រប់ពេលនិងមិនបង្អង់យូរ ហើយកម្ទេចពួកគេឱ្យខ្ទេចទាំងស្រុង នៅពេលដែលប្រមុខដឹកនាំកំពូល លោក គីម ជុងអ៊ុន ចេញបញ្ជា។
កូរ៉េខាងជើងនិងសហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតជាមួយគ្នាទេ ខណៈកិច្ចចរចាជុំវិញការបន្ធូរបន្ថយភាពតានតឹង និងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ បានជាប់គាំងតាំងតែពីឆ្នាំ២០១៩មក។ ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយថា ទីក្រុងព្យុងយ៉ាងមិនរំពឹងមានការប្រែប្រួលអ្វីនោះឡើយ ទោះបីនរណានឹងក្លាយជាប្រធានាធិបតីថ្មីរបស់អាមេរិក ក៏ដោយ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ ក្រោមវត្តមានសហរដ្ឋអាមេរិកនិងចិន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ដើម្បីបិទបញ្ចប់អរិភាពក្នុងសង្រ្គាមរយៈពេល៣ឆ្នាំ នៅឧបទ្វីបកូរ៉េ។ កូរ៉េខាងជើងចាត់ទុកថ្ងៃ២៧ កក្កដា ជា «ទិវាជ័យជម្នះ» ខណៈកូរ៉េខាងត្បូងមិនប្រារព្ធពិធីធំដុំអ្វីឡើយ សម្រាប់ឱកាសនេះ៕