(កាលីហ្វ័រញ៉ា)៖ ក្រោយសេចក្តីសម្រេចនាពេលថ្មីៗកន្លងទៅ របស់តុលាការកំពូលអាមេរិក អភិបាលរដ្ឋ California លោក Gavin Newsom ក្នុងសប្តាហ៍នេះ បាននិយាយថា រដ្ឋនឹងចាប់ផ្តើមរុះរើតង់ស្នាក់នៅតាមចិញ្ចើមផ្លូវ របស់ជនគ្មានផ្ទះសម្បែង ដែលមានចំនួនយ៉ាងច្រើនក្នុងរដ្ឋមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។
ទិន្នន័យពីរដ្ឋាភិបាលអាមេរិកផ្ទាល់ បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៣ រដ្ឋ California មានជនរស់នៅដោយគ្មានផ្ទះសម្បែងត្រឹមត្រូវ សរុបដល់ទៅ១៨០,០០០នាក់ ដែលច្រើនជាងរដ្ឋណាទាំងអស់ ហើយភាគច្រើននៃពួកគេ ស្នាក់នៅតាមចិញ្ចើមផ្លូវ។ បទបញ្ជារបស់លោក Newsom ធ្វើឡើង ក្រោយការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក កាលពីថ្ងៃទី២៨ ខែមិថុនា ដែលប្រែក្រឡាស់វិញ នូវសេចក្តីសម្រេចចរបស់តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិក ដែលនិយាយថា ការដាក់ពិន័យជនគ្មានផ្ទះសម្បែងរស់នៅតាមចិញ្ចើមផ្លូវ គឺជារឿងបំពានរដ្ឋធម្មនុញ្ញ។
គួរបញ្ជាក់ថា បើតាមលោក Newsom លោកបានប្រាប់ឱ្យបណ្តាទីភ្នាក់ងាររបស់រដ្ឋ ផ្តោតអាទិភាពលើការរុះរើតង់ជនគ្មានផ្ទះសម្បែងណា ដែលបង្កហានិភ័យសុខភាពនិងសុវត្ថិភាព ហើយទន្ទឹមគ្នាផ្តល់ការជូនដំណឹងជាមុន៤៨ម៉ោង ដល់អ្នកដែលរងការប៉ះពាល់, ចាត់ចែងស្នើសុំការផ្តល់សេវាសង្គមសម្រាប់ពួកគេ និងរក្សាទុកសម្ភាររបស់ពួកគេយ៉ាងហោច ៦០ថ្ងៃ។ នាយកដ្ឋានដឹកជញ្ជូននៃរដ្ឋ California ធ្លាប់រុះរើតង់ជាង១១,០០០តង់ គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២១ ដោយប្រើប្រាស់គោលការណ៍ស្រដៀងគ្នា។ រដ្ឋបាលរបស់លោក Newsom បានអះអាងថា ខ្លួនបានផ្លាស់ទីជនគ្មានផ្ទះសម្បែងប្រមាណ ១៦៥,០០០នាក់ ទៅកាន់ផ្ទះស្នាក់នៅបណ្តោះអាសន្ន ឬអចិន្រ្តៃយ៍កាលពីចន្លោះឆ្នាំសារពើពន្ធ២០២២-២០២៣៕