(ញូវដេលី)៖ សារព័ត៌មានក្នុងស្រុកមួយរបស់ឥណ្ឌា បានរាយការណ៍ថា លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា ទំនងជានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន នាខែសីហាខាងមុខនេះ ដែលនឹងជាទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ផ្ទុះឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ ២០២៤។
The Print បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា កាលបរិច្ឆេទសម្រេចចុងក្រោយនៃដំណើរទស្សនកិច្ចមិនទាន់ត្រូវបានបញ្ជាក់ទេ។ បណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូក្រោយការចូលឈ្លានពានអ៊ុយក្រែន នៅឆ្នាំ ២០២២ ប៉ុន្តែឥណ្ឌានៅបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៉ី។ ជារឿយៗ ឥណ្ឌាបានបដិសេធថ្កោលទោសរុស្ស៉ីចំៗ ប៉ុន្តែជំរុញឱ្យប្រទេសទាំងពីរដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា និងមធ្យោបាយការទូត។ យ៉ាងនេះក្តី ទីក្រុងញូវដែលីក៏កំពុងស្វែងរកការពង្រឹងទំនាកទំនងរបស់ខ្លួនជាមួយលោកខាងលិចផងដែរ។
គួរបញ្ជាក់ថា ជុំវិញព័ត៌មាននេះ ស្ថានទូតអ៊ុយក្រែននៅទីក្រុងញូវដេលីថាមិនទាន់មានព័ត៌មានសម្រាប់ចែករំលែកបានទេ ខណៈក្រសួងការបរទេសឥណ្ឌាក៏នៅមិនទាន់ចេញការប្រកាសផ្លូវការនោះដែរ៕