(ប៉េកាំង)៖ មនុស្សច្រើនជាង ២៧,០០០នាក់នៅភាគឦសាសាននៃប្រទេសចិនត្រូវបានជម្លៀស ហើយរោងចក្ររាប់រយកន្លែងបានផ្អាកដំណើរការ ខណៈព្យុះទីហ្វុង Gaemi នាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ ២០២៤។
សារព័ត៌មាន Xinhua បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកក្នុងអាងស្តុកជាង ៤០កន្លែងទូទាំងខេត្ត Liaoning ជន់ឡើង ស្របពេលដែលតំបន់នេះត្រូវបានព្យាករថា នឹងមានភ្លៀងជោគជាំ ចាប់ពីថ្ងៃព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។ ក្រុមហ៊ុនគីមី និងរ៉ែរាប់រយកន្លែងទូទាំងខេត្ត បានផ្អាកប្រតិបត្តិការ ហើយអ្នកស្រុកនៅតំបន់ជុំវិញនោះ ត្រូវបានជម្លៀសចេញដោយសារតែហានិភ័យនៃទឹកជំនន់។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Gaemi បានបក់បក់លើទីក្រុងនានា នៃខេត្ត Fujain ឆ្នេរសមុទ្ររបស់ប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ ជាមួយនិងភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង ខណៈព្យុះដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំមួយនេះ បន្តឆ្ពោះពីឆ្នេរសមុទ្រភាគអាគ្នេយ៍ចូលទៅតំបន់មានប្រជាជនរស់នៅច្រើន៕