(វៀងចន្ទន៍)៖ នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដានេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានជួបគ្នាអំឡុងកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយក្នុងប្រទេសឡាវ និងនៅបន្ទាប់ពីសហរដ្ឋអាមេរិកទើបបានរិះគន់សកម្មភាពរបស់ទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Blinken និងលោក Wang បានចាប់ដៃស្វាគមន៍គ្នា ប៉ុន្តែមិនបានធ្វើការអត្ថាធិប្បាយអ្វីនោះទេ មុនពេលចូលប្រជុំបិទទ្វារដែលជាកិច្ចប្រជុំលើកទី ៦រវាងប្រមុខការទូតទាំងពីរ គិតចាប់តាំងពីថ្ងៃទី ២៣ ខែមិថុនា។ ទោះជា លោក Blinken បានរិះគន់ចិនជុំវិញសកម្មភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូងនាពេលកន្លងមក ក្នុងពេលជួបជាមួយសម្ព័ន្ធមិត្តហ្វីលីពីនក៏ដោយ តែលោកបានកោតសរសើរដល់ប្រទេសទាំងពីរចំពោះការដោះស្រាយតាមផ្នែកការទូត ដែលទីក្រុងម៉ានីលទើបនឹងបានអះអាងថា បេសកកម្មផ្គត់ផ្គង់ដល់កងទ័ពឡើងវិញនៅតំបន់មានវិវាទជាមួយទីក្រុងប៉េកាំង បានធ្វើឡើងដោយគ្មានឧបទ្ទវហេតុណាមួយឡើយ។
គួរបញ្ជាក់ថា លោក Blinken និងលោក Wang កំពុងចូលរួមវេទិកាតំបន់អាស៊ានដែលផ្តោតលើសន្តិសុខ រៀបចំឡើងក្នុងប្រទេសឡាវ រួមជាមួយអ្នកការទូតកំពូលៗមកពីប្រទេសធំៗ រួមមានរុស្ស៉ី ឥណ្ឌា អូស្ត្រាលី ជប៉ុន អឺរ៉ុប ចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀត៕