(វៀងចន្ទន៍)៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដានេះបានអំពាវនាវឱ្យរបបសឹកមីយ៉ាន់ម៉ាជ្រើសរើសផ្លូវដើរផ្សេង និងបញ្ចប់ ការបង្រ្កាបយ៉ាងបង្ហូរឈាមរបស់ខ្លួនលើក្រុមអ្នកប្រឆាំង ដោយនិយាយថាស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងហែកហួរដោយសារសង្រ្គាមមិនអាចទ្រំាទ្រតទៀតនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោកស្រី Penny Wong ធ្វើការកត់សម្គាល់បែបនេះនៅឯសន្និសីទសារព័ត៌មានមួយ នាឱកាសចូលរួមក្នុងជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ លោកស្រី បានលើកឡើងថា «មីយ៉ាន់ម៉ាគឺជាក្ដីកង្វល់មួយដ៏ធំរបស់អូស្រ្តាលី ដោយយើងកំពុងឃើញវិបត្តិសេដ្ឋកិច្ច អស្ថិរភាព អសន្តិសុខ ការស្លាប់ និងការឈឺចាប់បង្កឡើងដោយ ជម្លោះ។ ជាសាររបស់ខ្ញុំពីអូស្ត្រាលីទៅកាន់របបសឹក នោះគឺអ្នក និងប្រជាជនរបស់អ្នកមិនអាចទ្រំាទ្ររួចតទៀតនោះទេ ដូច្នេះយើងជំរុញឱ្យពួកគេជ្រើសរើសផ្លូវដើរផ្សេង និងពិចារណា លើផែនការសន្តិភាពកង់សង់ស៊ីស៥ចំណុចដាក់ចេញដោយអាស៊ាន»។
គួរបញ្ជាក់ថា ប្រទេសជាសមាជិកអាស៊ានមួយចំនួនដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន បានជំរុញឱ្យមានការធ្វើសកម្មភាពតឹងរ៉ឹងប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា ខណៈ ថៃបាន រៀបចំជំនួបទ្វេភាគីជាមួយមេដឹកនាំរបស់សឹក រួមទាំងមេដឹកនាំមីយ៉ាន់ម៉ាកំពុងជាប់ឃុំ លោកស្រី អោងសាន ស៊ូជី។ តាមអង្គការសហប្រជាជាតិ ជម្លោះនៅមីយ៉ាន់ម៉ាបានបង្ខំឱ្យមនុស្ស ២.៧លាននាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង ចាប់តាំងពីរដ្ឋប្រហារផ្ទុះឡើងកាលពីឆ្នាំ២០២១មក៕