(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា បានបង្គាប់ឱ្យប្រជាជនប៉ាឡេស្ទីនភៀសខ្លួនជាបណ្ដោះអាសន្នចេញពីផ្នែកជាច្រើននៃទីក្រុង Khan Younis ឆ្ពោះទៅកាន់តំបន់មនុស្សធម៌មួយស្ថិតនៅក្នុងទីក្រុង Al-Mawasi មុននឹងខ្លួនបង្កើនការវាយលុកលើក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រយុទ្ធគ្នាក្នុងសង្រ្គាមអស់រយៈពេលជាង៩ខែមកនេះ បានបង្ហាញថាអ៉ីស្រាអែលជួបផលលំបាកក្នុងការកម្ទេចក្រុមហាម៉ាស ខណៈក្រុមអ្នកប្រយុទ្ធហាម៉ាសនៅតែអាចប្រមូលផ្ដុំ កម្លាំងឡើងវិញ និងតស៊ូប្រយុទ្ធជាមួយទាហានអ៉ីស្រាអែល។ ការបង្គាប់ការជម្លៀសខ្លួនថ្មីខាងលើ ធ្វើឡើងបន្ទាប់ពីយោធាអ៉ីស្រាអែលកាលពីថ្ងៃសុក្រ បាននិយាយថាទាហានរបស់ខ្លួន បានប្រយុទ្ធជាមួយក្រុមអ្នកប្រយុទ្ធហាម៉ាស ក្នុងទីក្រុង Khan Younis នៃភាគខាងត្បូងតំបន់ហ្កាហ្សា និងបានបំផ្លាញផ្លូវរូងក្រោមដី ព្រមទាំងហេដ្ឋរចនាសម្ព័ន្ធមួយចំនួនទៀត។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលហ្កាហ្សា ជនជាតិប៉ាឡេស្ទីនជាង ៣៩ ០០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ខណៈខាងមន្ត្រីអ៉ីស្រាអែលបានអះអាងថាក្រុមអ្នកប្រយុទ្ធហាម៉ាស និងក្រុម Islamic Jihad ១៤០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក៕