(ហុងកុង)៖ សប្ដាហ៍នេះគឺជាពេលវេលាដ៏មមាញឹកមួយរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលត្រូវរៀបចំកិច្ចពិភាក្សាពីសង្រ្គាមនៅអ៊ុយក្រែនផង និងសង្រ្គាមក្នុងតំបន់ ហ្កាហ្សាផង នៅឯទីក្រុងប៉េកាំង។ លោក វ៉ាង យី បានចាប់ផ្ដើមកិច្ចពិភាក្សាជាមួយការរៀបចំជំនួបផ្សះផ្សា រវាងអង្គការចលនាប៉ាឡេស្ទីនចំនួន១៤ផ្សេងៗគ្នា ក្នុងនោះរួមមានទាំង គូសត្រូវដ៏ជូរចត់ ហាម៉ាស និងហ្វាតាស់ (Hamas និង Fatah) ផងដែរ មុននឹងជួបរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba កាលពីថ្ងៃពុធ ទី២៤ ខែកក្កដា ដែលជាជំនួបលើកដំបូងជាមួយមន្ត្រីជាន់ខ្ពស់ អ៊ុយក្រែនម្នាក់ ក្នុងទីក្រុងប៉េកាំង ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងជាង ២ឆ្នាំមកនេះ។
ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំទាំង២នេះ កើតមានឡើងក្នុងបរិបទដែលចិនកំពុងព្យាយាមបង្ហាញឱ្យពិភពលោកបានឃើញថាខ្លួនជាមហាអំណាចគីឡូធ្ងន់មួយដែលមានការតាំងចិត្ត ស្វែងរកសន្តិភាពជូនពិភពលោក។ នៅក្នុងជំនួបជាមួយលោក Kuleba លោក វ៉ាង យី បាននិយាយថាទីក្រុងប៉េកាំង គាំទ្ររាល់កិច្ចប្រឹងប្រែងដែលចូលរួមចំណែកដល់សន្តិភាព។ នៅឯ ចុងបញ្ចប់នៃជំនួបរវាងក្រុមប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ ទី២៣ ខែកក្កដាវិញ លោកប្រមុខការទូតចិនបានសម្ដែងការសាទរចំពោះការចុះហត្ថលេខាលើសេចក្ដីប្រកាសមួយស្ដីពីការយល់ព្រម បិទបញ្ចប់ភាពប្រេះឆារវាងក្រុមប៉ាឡេស្ទីនទាំង១៤ ក្នុងនោះរួមមានទាំងហាម៉ាស និងហ្វាតាស់។
សម្រាប់រដ្ឋាភិបាលចិន ក្រុមអ្នកជំនាញយល់ថាបេសកកម្មការទូតរបស់លោក វ៉ាង យី ក្នុងសប្ដាហ៍នេះមានបង្កប់នូវចេតនាធំ២។ ទី១៖ ចិនចង់បង្ហាញទៅកាន់ពិភពលោកថាខ្លួនគឺ ជាតួអង្គដ៏សំខាន់ និងគួរឱ្យទុកចិត្តបានក្នុងការស្វែងរកសន្តិភាព។ រីឯ ទី២គឺបង្ហាញថាខ្លួនអាចជំនួសសហរដ្ឋអាមេរិកបាន ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចចរចាសន្តិភាពរបស់ពិភពលោក។ លោក Steve Tsang ជានាយកវិទ្យាស្ថាន SOAS China Institute នៃសាកលវិទ្យាល័យ University of London បាននិយាយថាមហិច្ឆតារបស់ចិន នោះគឺចង់ក្លាយជាមេដឹកនាំពិភពលោក យ៉ាងពិតប្រាកដមួយ និងកំពុងសម្រេចមហិច្ឆតានេះតាមរយៈការប្រមូលការគាំទ្រពីបណ្ដាប្រទេស Global South ដែលមានប្រទេស និងប្រជាជនច្រើនជាង បើធៀបទៅនឹងបណ្ដាប្រទេស ប្រជាធិបតេយ្យលោកខាងលិច។ ក៏ប៉ុន្តែ ក្នុងពេលដំណាលគ្នា ទីក្រុងប៉េកាំងត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើន ដ្បិតវាជារឿងដ៏ពិបាកដែលចិនចង់ស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាម ក្នុងតំបន់ហ្កាហ្សា ដោយមិនមានឥទ្ធិពលចាក់ឬសជ្រៅក្នុងតំបន់មជ្ឈិមបូព៌ា។ ម្យ៉ាងវិញទៀតខណៈអំពាវនាវឱ្យមានសន្តិភាពនៅអ៊ុយក្រែន ចិននៅតែបន្តរក្សាទំនាក់ទំនងស្អិតល្មួតជាមួយរុស្ស៉ី។
* មិនទាន់ត្រៀមខ្លួនរួចរាល់
សេចក្ដីថ្លែងការណ៍ផ្លូវការមួយរបស់ទីក្រុងប៉េកាំង និងទីក្រុងកៀវ ដែលត្រូវបានចេញផ្សាយ នៅបន្ទាប់ពីជំនួបរវាងលោក វ៉ាង យី និងលោក Kuleba កាលពីថ្ងៃពុធ មិនបានបញ្ជាក់ថា ប្រមុខការទូតអ៊ុយក្រែន អាចបញ្ចុះបញ្ចូលឱ្យប៉េកាំងគាំទ្រផែនការសន្តិភាពរបស់អ៊ុយក្រែនបាននោះទេ។ ផ្ទុយទៅវិញ លោក វ៉ាង យី បានត្រឹមបញ្ជាក់ឡើងវិញពីសេចក្ដីថ្លែងការណ៍ កន្លងមករបស់ប៉េកាំង និងការអំពាវនាវឱ្យមានដំណោះស្រាយនយោបាយមួយតែប៉ុណ្ណោះ។ ចិន កាលពីឆ្នាំ២០២៣ បានបញ្ចេញផែនការសន្តិភាពមួយ ដែលគាំទ្រដល់បទឈប់បាញ់ តែមិនបានអំពាវនាវឱ្យមានការដកកងទ័ពរុស្ស៉ីជាមុនចេញពីអ៊ុយក្រែននោះទេ ជាហេតុបង្កឱ្យមានការរិះគន់ពីបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកដែលចោទថា ជំហររបស់ចិនហាក់ផ្អៀងទៅរករុស្ស៉ី។ សេចក្ដីថ្លែងការណ៍ដដែលនេះ ក៏មិនបានលើកឡើងពីការគំាទ្រជាសម្ភារៈ ឬសេដ្ឋកិច្ចដល់រុស្ស៉ី នោះដែរ។ តែលោក វ៉ាង យី ហាក់ចង់ទុកចន្លោះ មួយសម្រាប់ឱ្យអ៊ុយក្រែនត្រូវពឹងផ្អែកលើចិន ក្នុងនាមជាអ្នកជួយសម្របសម្រួល។ តួយ៉ាង ក្រសួងការបរទេសចិនផ្ទាល់បានសង្កត់ធ្ងន់ថា «ទោះបីជាលក្ខខណ្ឌ និងពេលវេលាមិនទាន់ ត្រៀមរួចរាល់ក៏ដោយ តែចិនមានឆន្ទៈដើម្បីបន្តដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការស្វែងរកបទឈប់បាញ់ និងការចាប់ផ្ដើមកិច្ចចរចាសន្តិភាពឡើងវិញ»។
ខាងលោក Kuleba ឯណោះវិញ បានបញ្ជាក់ឡើងវិញថាអ៊ុយក្រែននឹងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកិច្ចចរចាសន្តិភាព នៅពេលដែលរុស្ស៉ីមានសុច្ឆន្ទៈក្នុងកិច្ចចរចា។ ប៉ុន្តែ សព្វថ្ងៃ ទីក្រុងកៀវ មិនបានឃើញសញ្ញាបង្ហាញពីការត្រៀមលក្ខណៈ ឬសុច្ឆន្ទៈពីទីក្រុងមូស្គូនោះឡើយ។ តាមក្រុមអ្នកជំនាញ ប៉េកាំងអាចនឹងដើរតួនាទីមួយ ក្នុងកិច្ចចរចាប្រាកដប្រជា ណាមួយនៅពេលអនាគត តែមិនទំនងជានឹងផ្លាស់ប្ដូរទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៉ីនោះឡើយ។ ពីព្រោះចិនចាត់ទុករុស្ស៉ីជាមហាអំណាចតែមួយគត់ ដែលអាចជួយខ្លួនទប់ទល់ ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក ហើយកាន់តែមិនចង់ឃើញរុស្ស៉ីបរាជ័យធ្ងន់ធ្ងរក្នុងសង្រ្គាមនៅអ៊ុយក្រែនទៅទៀត។ តាមលោក Chong Ja Ian សាស្ត្រាចារ្យរងម្នាក់ មកពីសាកលវិទ្យាល័យ National University of Singapore ថ្នាក់ដឹកនាំចិនប្រហែលជាបានសម្រេចចិត្តរៀបចំជំនួបជាមួយលោក Kuleba ក្នុងពេលឥលូវនេះ គឺចង់បង្ហាញថាពួកគេ កំពុងព្យាយាមជំរុញឱ្យមានសន្តិភាព ទោះជាលោកខាងលិចរិះគន់ទំនាក់ទំនងរបស់ប៉េកាំងជាមួយមូស្គូក៏ដោយ ហើយក៏អាចដោយសារតែការបោះឆ្នោតនៅសហរដ្ឋអាមេរិកដែរ។ ត្រង់ចំណុចនេះ ចិនប្រហែលជាសម្លឹងឃើញការព្រួយបារម្ភរបស់អ៊ុយក្រែនពីលទ្ធភាពដែលលោក ដូណាល់ ត្រាំ អាចត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកសាជាថ្មី។
បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ និងបេក្ខជនអនុប្រធានាធិបតីរបស់លោក គឺលោក JD Vance បាននិយាយដោយចំហប្រឆាំងនឹងការផ្ដល់ជំនួយ យោធាបន្ថែមដល់អ៊ុយក្រែន ដើម្បីអាចឱ្យសហរដ្ឋអាមេរិកងាកទៅពង្រឹងសមត្ថភាពយោធារបស់តៃវ៉ាន់វិញ។ «ចិនប្រហែលជាអាចយល់ពីស្ថានការណ៍នេះ ហើយមានអារម្មណ៍ថាខ្លួន កំពុងស្ថិតនៅលើគោលជំហរមួយដ៏ល្អប្រសើរដើម្បីសាកល្បងជំរុញឱ្យទីក្រុងកៀវ យល់ព្រមធ្វើការសម្រុះសម្រួលមួយដែលមូស្គូប្រហែលជាពេញចិត្តនឹងទទួលយកដែរ»។ នេះជា ការយល់ឃើញរបស់លោក Chong Ja Ian។ ជាងនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global Times បានចុះផ្សាយសម្រង់សម្ដីអ្នកជំនាញដែលថាអ៊ុយក្រែនអាចនឹងទទួលស្គាល់ថា កិច្ចប្រឹងប្រែងធ្វើឱ្យរុស្ស៉ីឯកោនៅលើឆាកអន្តរជាតិ បានបរាជ័យទៅហើយ ដ្បិតតួអង្គសំខាន់ៗផ្សេងទៀត ដូចជាឥណ្ឌា និងប្រេស៊ីល ដែលសុទ្ធសឹងជាប្រទេស Global South មិនបានគាំទ្រសេចក្ដីថ្លែងការណ៍នៅឯកិច្ចប្រជុំសន្តិភាពអ៊ុយក្រែនកាលពីខែមិថុនា ដែលមិនមានវត្តមានរុស្ស៉ីនោះទេ។ ប៉េកាំងបាននិយាយថាសន្និសីទរបៀបនេះគួរតែមានវត្តមាន ទាំងរុស្ស៉ី និងអ៊ុយក្រែន ចូលរួម។
* កិច្ចព្រមព្រៀងផ្សះផ្សា
ក្រោមការអន្តរាគមន៍ពីចិន ហាម៉ាស និងបណ្ដាចលនាប៉ាឡេស្ទីន ក្នុងនោះរួមមានហ្វាតាស់បានយល់ព្រមចុះកិច្ចព្រមព្រៀងដើម្បីបង្កើតអាជ្ញាធរគ្រប់គ្រងរួមបណ្ដោះអាសន្នមួយ នៅក្រោយ សង្រ្គាមហ្កាហ្សាបិទបញ្ចប់។ អន្តរាគមន៍សម្របសម្រួលរបស់ចិន កើតមានឡើងចំពេលចិនកំពុងព្យាយាមបង្ហាញថាខ្លួនជាមេដឹកនាំមួយអាចតំណាងឱ្យក្រុមប្រទេស Global South ក្នុងការអំពាវនាវឱ្យមានបង្កើតរដ្ឋប៉ាឡេស្ទីន និងរិះគន់សង្រ្គាមរបស់អ៉ីស្រាអែល រួមទាំងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៉ីស្រាអែល។ លោក វ៉ាង យី បាននិយាយថាកិច្ចពិភាក្សា ផ្សះផ្សារវាងបណ្ដាអង្គការចលនាប៉ាឡេស្ទីន បានបិទបញ្ចប់ទៅជាមួយកិច្ចព្រមព្រៀងមួយស្ដីពីការគ្រប់គ្រងរួម នៅក្រោយពេលសង្រ្គាមហ្កាហ្សាបិទបញ្ចប់ និងការបង្កើតរដ្ឋាភិបាលផ្សះផ្សាជាតិ មួយ។ ការប្រកាសនេះកើតឡើង ខណៈអនាគតតំបន់ហ្កាហ្សានៅក្រោយសង្រ្គាមបញ្ចប់កំពុងស្ថិតក្នុងភាពស្រពេចស្រពិល ដោយសារតែការតាំងចិត្តរបស់អ៉ីស្រាអែលដើម្បីកម្ទេចក្រុមហាម៉ាស និងការអំពាវនាវឱ្យកាន់តែច្រើនពីអន្តរជាតិសម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីន។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញខាងមជ្ឈិមបូព៌ា នៅតែមានការសង្ស័យចំពោះកិច្ចព្រមព្រៀងក្នុងទីក្រុងប៉េកាំងដោយ សំអាងលើបរាជ័យនៃការរួបរួមគ្នានៅក្នុងចំណោមបណ្ដាអង្គការប៉ាឡេស្ទីន នាពេលកន្លងមក។
បើតាមអ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិក កិច្ចព្រមព្រៀងក្នុងទីក្រុងប៉េកាំងគឺផ្ទុយទៅនឹងគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោន ដែលយល់ថាក្រុមហាម៉ាសមិនគួរមានវត្តមាន ឬតួនាទីនៅក្នុងការគ្រប់គ្រងរដ្ឋបាលរួមគ្នាមួយរវាងហា្កហ្សា និងវែស ប៊ែង (West Bank) នៅពេលអនាគតនោះទេ ក្រោយសង្រ្គាមបញ្ចប់។ ហើយនេះជាការយល់ឃើញស៊ីគ្នាជាមួយអ៉ីស្រាអែលដែរ៕