(ព្យុងយ៉ាង)៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានសន្យានៅថ្ងៃសុក្រនេះថា នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង នៅក្នុងសារមួយផ្ញើជូនមេដឹកនាំកូរ៉េខាងជើង Kim Jong Un។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ ២០២៤។
លោក Lukashenko បានបញ្ជាក់ថាលោកនឹងធ្វើការដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកូរ៉េខាងជើង ដើម្បីធ្វើឱ្យវាពោរពេញទៅដោយខ្លឹមសារថ្មី និងកម្មវិធីរួមនៃការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដល់សុខុមាលភាពកាន់តែប្រសើរឡើងរបស់ប្រជាជននៃប្រទេសទាំងពីរ។
សារនេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការផ្ញើលិខិតអបអរសាទរ របស់ទីក្រុងព្យុងយ៉ាងនៅថ្ងៃបុណ្យជាតិនៃប្រទេសបេឡារុស្ស។
គួរបញ្ជាក់ថា ទាំងកូរ៉េខាងជើង និងបេឡារុស្ស មានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ដែលកាន់តែមានភាពឯកោខាងការទូតនៅលើឆាកពិភពលោក ចាប់តាំងពីប្រទេសនេះ បានបញ្ជាកងទ័ពរាប់ម៉ឺននាក់ ចូលទៅក្នុងអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២។
រដ្ឋមន្ត្រីការបរទេសបេឡារុស លោក Maxim Vladimirovich Ruzenkov បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ហើយបានជួបជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ក្នុងសប្តាហ៍នេះ រួមទាំងនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Kim Tok Hun និងរដ្ឋមន្ត្រីការបរទេស លោក Choe Son Hui ផងដែរ៕