(ម៉ូស្គូ)៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានចាប់ខ្លួនលោក Dmitry Bulgakov អតីតអនុរដ្ឋមន្ត្រីការពារជាតិ ពីបទពុករលួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ ២០២៤។
លោក Bulgakov ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលឃុំឃាំងបណ្តោះអាសន្ននៅទីក្រុងម៉ូស្គូ ហើយការស៊ើបអង្កេតកំពុងដំណើរការដើម្បីបញ្ជាក់ការពិតនៃ «សកម្មភាពខុសច្បាប់» របស់លោក។
ការចាប់ខ្លួននេះកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការពារជាតិថ្មី លោក Andrei Belousov កំពុងព្យាយាមបោសសម្អាតកងទ័ពពីអំពើពុករលួយ និងសម្រួលហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់មូលនិធិដល់អ្វីដែលទីក្រុងម៉ូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក Bulgakov ធ្លាប់ទទួលបន្ទុកផ្នែកភស្តុភារយោធារហូត ត្រូវបានបណ្តេញចេញក្នុងឆ្នាំ ២០២២។ គាត់គឺជាមន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់ចុងក្រោយបង្អស់ ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ ចាប់តាំងពីយុទ្ធនាការប្រឆាំងអំពើពុករលួយចាប់ផ្តើមកាលពីខែមេសា។
លោក Bulgakov អាយុ ៦៩ ឆ្នាំ គឺជានិស្សិតបញ្ចប់ការសិក្សានៅសាលាយោធារុស្ស៊ី និងជាអ្នកទទួលបានពានរង្វាន់យោធា និងស៊ីវិលកំពូលៗជាច្រើន រួមទាំងពានរង្វាន់វីរៈបុរសនៃប្រទេសរុស្ស៊ីផងដែរ៕