(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោកចូបៃដិន កំពុងតែសម្រុកធ្វើកិច្ចការដ៏ធំចុងក្រោយមួយនៅមុនការ ចូលនិវត្តន៍របស់លោក។ កិច្ចការនោះ គឺការចង់បញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ តើលោកចូ បៃដិនដែលនៅសល់ពេល តែប៉ុន្មានខែទៅមុខទៀតនេះ នឹងអាចសម្រេចនូវការបញ្ចប់សង្គ្រាម នោះបានដែរឬទេ?
ប្រធានាធិបតីអាមេរិកនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានជួបគ្នានានៅសេតវិមាន ក្នុងរង្វង់ ការបង្ហាញនូវភាពប្តេជ្ញាចិត្តមួយ របស់លោកចូបៃដិន ដែលចង់ឱ្យមានការបញ្ឈប់សង្គ្រាមនៅ ហ្គាហ្សា មុនពេលដែលលោកប្រធានាធិបតីអាមេរិក អាយុ៨១ឆ្នាំរូបនេះត្រូវចូលនិវត្តន៍នយោ បាយ។
ស៊ីអិនអិនបានរាយការណ៍ដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ របស់រដ្ឋបាលលោកចូបៃដិនដែល និយាយថាជំនួប នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥កក្កដា ក្នុងសេតវិមាន គឺជាជំនួបមួយដែលកំពុង ជួយរំកិលស្ថានភាពក្នុងតំបន់ហ្គាហ្សា ឱ្យកាន់តែខិតជិតលើសំណើកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
កិច្ចពិភាក្សាដើម្បីស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់គ្នា ត្រូវបានធ្វើជាច្រើនលើកច្រើនសារ ប៉ុន្តែដោយសារតែចំណុច នៃគំលាតខ្លះដែលមិនអាចឈានដល់ទីចុងបញ្ចប់របស់វាបាន សង្គ្រាមនៅតែបន្តដោយមិនត្រឹមតែបានសម្លាប់ ក្រុមយុទ្ធជនហាម៉ាសប៉ុណ្ណោះទេ, ពលរដ្ឋប៉ា ឡេស្ទីនស្លូតត្រង់ ត្រូវបានគេរាយការណ៍បាត់បង់ជីវិតជារៀងរាល់ថ្ងៃ មិនដែលខកខានឡើយ។
មន្ត្រីនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby ត្រូវបានគេដកស្រង់សម្តីដែល បានប្រាប់បណ្តាញសារព័ត៌មាន អាមេរិកថា «យើងកាន់តែខិតជិតគ្នាជាងអ្វីដែលយើងមិន ធ្លាប់មានកាលពីមុននោះមក»។ មន្ត្រីជាន់ខ្ពស់អាមេរិកដដែល នោះបាននិយាយថា «វាអា ស្រ័យទៅលើអ៊ីស្រាអែលថាតើនឹងទទួលឬមិនទទួលយកតែ ប៉ុណ្ណោះ»។
បំណងចង់បញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ដែលចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០២៣កន្លងមក នោះ គឺជាបំណងដ៏ធំបង្អស់មួយ របស់ លោកចូបៃដិនក្នុងការថ្លែងសុន្ទរកថារយៈពេល១១នាទី ក្នុងសប្តាហ៍នេះដែលបញ្ជាក់មូលហេតុ នៃការបោះបង់ចោល ការប្រកួតប្រជែង ជាមួយលោក ដូ ណាល់ត្រាំដើម្បីការជួយសង្គ្រោះ ដំណើរការលទ្ធិប្រជាធិបតេយ្យដែលលោកនិយាយថា បានប្រឈមនឹងហានិភ័យ។ លោកចូបៃដិនដែលកាន់អំណាច បានតែមួយអាណ្ណត្តិជិតនឹងបញ្ចប់ ទៅនេះ នឹងមិនមានពេលវេលាច្រើនទៀតឡើយ ដើម្បីធ្វើកិច្ចការសម្រេចតាមបំណងទាំង ឡាយនៅមុនលោកចូលនិវត្តន៍ពី ឆាកនយោបាយអាមេរិកនេះ។
ជំនួបផ្ទាល់រវាងលោក Biden ជាមួយលោក Netanyahu កាលពីរសៀលថ្ងៃទី២៥កក្កដា គឺនៅ មួយថ្ងៃដែលមានការធ្វើបាតុកម្ម ជំទាស់របស់ពលរដ្ឋអាមេរិកជាច្រើនដែលប្រឆាំងនឹងសង្គ្រាម នៅហ្គាហ្សា បានជួបជុំគ្នានៅមុខវិមានរដ្ឋសភា Capitol Hill ទីកន្លែងដែលលោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែលរូបនោះកំពុងថ្លែងសុន្ទរកថា នៅចំពោះមុខសមាជិកសភាអាមេរិកនានាជុំវិញការ ចង់ដឹង អំពីស្ថានការណ៍នយោបាយនៅតំបន់ហ្គាហ្សា និងជំហររបស់អ៊ីស្រាអែលនាអនាគត។ សេតវិមានបានថ្កោលទោសចំពោះ ការធ្វើបាតុកម្មរបស់ពលរដ្ឋអាមេរិកាំងនៅមុខវិមាន រដ្ឋ សភានោះ។
សេចក្តីប្រកាសមួយរបស់សេតវិមានបាននិយាយថា «លោកចូបៃដិនបានបញ្ជាក់ នូវការចង់ បំពេញនូវចន្លោះសេសសល់នានា, ការបញ្ចប់កិច្ចព្រមព្រៀងដើម្បីឱ្យបានលឿន, ការនាំចំ ណាប់ខ្មាំងវិលត្រឡប់មកផ្ទះវិញនិងឈានដល់ ការបញ្ចប់យូរអង្វែង នៃទំនាស់សង្គ្រាមក្នុង តំបន់ហ្គហ្សា»។ សេចក្តីប្រកាសដដែលបាននិយាយថា «ប្រធានាធិបតីអាមេរិកនៅបានលើក ឡើងនូវវិបត្តិមនុស្សធម៌ ក្នុងតំបន់ហ្គាហ្សា, ភាពចាំបាច់បំបាត់ចោលឧបសគ្គដែលរារាំងជំនួយ និងស្តារឡើងវិញការបំរើជា មូលដ្ឋានគ្រឹះសម្រាប់អ្នកទាំងឡាយដែលត្រូវការសេវាបំរើនោះជា ចាំបាច់ និងសារៈសំខាន់ជាចាំបាច់នៃការការពារជនស៊ិវិល ក្នុងពេលមានប្រតិបត្តិការយោធា»។
លោក Biden កាលពីថ្ងៃព្រហស្បតិ៍នោះ នៅបានរៀបចំកិច្ចប្រជុំឱ្យមាន ការចូលរួមពីក្រុមគ្រួសារចំណាប់ខ្មាំងអាមេរិក ដែលជាប់នៅក្នុងតំបន់ហ្គាហ្សា ដែលកិច្ចប្រជុំមួយត្រូវគេចាត់ទុកថា វាជាសម្ពាធមួយដាក់ មកលើលោកណេថាន់យ៉ាហ៊ូដើម្បីបង្ខំឱ្យ រូបលោកទទួលយកសំណើ ឈប់បាញ់គ្នា និងជាកិច្ចប្រជុំមួយដែលលោកចូបៃដិនចង់ បង្ហាញក្រុមគ្រួសារចំណាប់ខ្មាំង អាមេរិកនូវការទទួលខុសត្រូវមួយរបស់រួបលោក ដែលស្វែងកិច្ចព្រមព្រៀងបញ្ឈប់ការបាញ់គ្នា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ចេញពីកណ្តាប់ដៃក្រុមយុទ្ធជនឥស្លាម។
ក្រុមគ្រួសារនៃចំណាប់ខ្មាំងអាមេរិកនាប៉ុន្មានខែកន្លងមកនេះ បានសម្តែងក្តីខកចិត្តរបស់ពួក គេលើកង្វះខាតការទាក់ទងគ្នា ដែលពួកគេមិនអាចដឹងពីលោកណេថាន់យ៉ាហ៊ូនិងមន្ត្រីអ៊ីស្រា អែលជុំវិញវាសនាអនាគតសាច់ញាតិរបស់គេ ដែលស្ថិតក្នុងកណ្តាប់ដៃរបស់ក្រុមយុទ្ធជន ឥស្លាមហាម៉ាសដែលបានចាប់ពង្រត់ក្នុងព្រឹត្តិការណ៍ ថ្ងៃ៧តុលាឆ្នាំ២០២៣នោះឡើយ។ ពួក គេបានថ្លែងរំពឹងថា ពេលនេះលោកចូបៃដិននឹងអាចប្រើឥទ្ធិពលនយោបាយ របស់លោកដាក់ សម្ពាធលើអ៊ីស្រាអែលដោយគ្មាន ក្តីបារម្ភពីឥទ្ធិពលនៃសម្ពាធនយោបាយ ដែលត្រូវប្រកួត ប្រជែងការបោះឆ្នោតខែវិច្ឆិកានោះទៀតឡើយ។
សហរដ្ឋអាមេរិកធ្លាប់បានដាក់ចេញ នូវសំណើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នានិងការដោះ លែងចំណាប់ខ្មាំង ប៉ុន្តែសំណើនោះមិនបានសម្រេចឡើយ ដោយអ៊ីស្រាអែលនិងក្រុមហា ម៉ាស់បានឆ្លើយបន្ទោសដាក់គ្នាទៅវិញទៅមកថា ជាឧបសគ្គរារាំងនៃសំណើកិច្ចព្រមព្រៀង នោះ។ ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំថ្ងៃព្រហស្បតិ៍ ទី២៥កក្កដានោះរួចមក ក្រុមគ្រួសារចំណាប់ខ្មាំង បាន សម្តែងក្តីសុទិដ្ឋិនិយមសាជាថ្មីវិញថា នឹងមានកិច្ចព្រម ព្រៀងឈប់បាញ់មួយដែលនឹងមក ដល់ក្នុងពេល ខាងមុខនេះ។
លោក Netanyahu ក្នុងដំណើរទស្សនកិច្ចសប្តាហ៍នេះក្នុងសហរដ្ឋអាមេរិក នៅបានជួបជាមួយ អនុប្រធានាធិបតីលោក Kamala Harris ដែលលោកចូបៃដិនបានស្នើតែងតាំងជាបេក្ខជនប្រ ធានាធិបតីជំនួសរូបលោក។ លោកស្រី Kamala Harris ត្រូវបានសារព័ត៌មានដកស្រង់សម្តីដែលបាននិយាយប្រាប់លោក Netanyahu ថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រ ដោយឥតសំចៃចំពោះអ៊ីស្រាអែល ប៉ុន្តែលោកស្រី ថ្លែងថាវាក៏ដល់ពេលវេលា ដើម្បីទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ និងត្រូវធ្វើកិច្ចការនោះ បញ្ចប់ហើយ។ លោកស្រីកាម៉ាឡាហារីស ថ្លែងថាលោកស្រី "នឹងមិននៅស្ងៀម" ចំពោះអំពើ ឈឺចាប់នៅតំបន់ហ្គាហ្សាឡើយ។
**** ការវាយប្រហារនៅតំបន់ហ្គាហ្សាបន្ត
នៅក្នុងតំបន់ហ្គាហ្សានោះវិញ, ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលដាក់លើតំបន់ ហ្គាហ្សានៅតែបន្ត។ សេចក្តីរាយការណ៍ អាល់ហ្សាហ្ស៊ីរ៉ា ថ្ងៃទី២៦កក្កដាឆ្នាំ២០២៤ បានឱ្យដឹង ថាយន្តហោះចម្បាំងអ៊ីស្រាអែល បានធ្វើការទម្លាក់គ្រាប់បែកទៅលើភាគកណ្តាលតំបន់ហ្គា ហ្សា រួមមាននៅក្នុងក្រុង Khan Younis និងក្រុង Gaza។ ក្រុមកាកបាទនិងអឌ្ឍច័ន្ទក្រហមប៉ា ឡេស្ទីនបានរាយការណ៍ថារថយន្តសង្គ្រោះជាច្រើនបានជួយដឹកជម្លៀសមនុស្សរងរបួសចេញ ពីកន្លែងវាយប្រហារ។ គួរបញ្ជាក់ដែរថាកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះប្រតិបត្តិការសឹកមួយ របស់អ៊ីស្រាអែល នៅក្រុងខាន់យូនីសនោះ បានសម្លាប់មនុស្ស៧០ នាក់និងធ្វើឱ្យរបួសមនុស្ស ប្រមាណជាង ២០០នាក់ថែមទៀត។
សេចក្តីរាយការណ៍សារព័ត៌មានក្នុងប្រទេសតួកគី AA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥កក្កដាថា មានជនជាតិប៉ាឡេស្ទីនស្លាប់ យ៉ាងហោច៣០នាក់និង១៤៦នាក់ដទៃទៀតបានរងរបូស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងតំបន់ហ្គាហ្សា ដែលនាំឱ្យតួលេខស្លាប់សារុបកើនដល់៣ម៉ឺន៩ពាន់១៧៥នាក់ និងប្រមាណ៩ម៉ឺន ៤០៣នាក់ បានរងរបួសក្នុងសង្គ្រាមជាង៩ខែចាប់តាំងពីថ្ងៃទី៧តុលាឆ្នាំ២០២៣មក។
សង្គ្រាមក្នុងតំបន់ហ្គាហ្សា ត្រូវគេឃើញថាបានរាលដាល ចូលមកក្នុងតំបន់មជ្ឈិមបូព៌ា។ ក្រុម Hezbollah ដែលជាក្រុមសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស់ ក្នុងប្រទេសលីបង់ ក៏បានធ្វើសកម្មភាព បាញ់ប្រហារដាក់មកលើប្រទេសអ៊ីស្រាអែល រីឯក្រុមយុទ្ធជនHouthi នៃប្រទេសយេម៉ែនក៏បាន ធ្វើសកម្មភាពវាយប្រហារពីចម្ងាយរបស់ខ្លួនដាក់មកលើ ទឹកដីអ៊ីស្រាអែលនិងក្រុមសម្ព័ន្ធមិត្ត នៅក្នុង ឈូងសមុទ្ទក្រហមនិងមកលើ នាវាដឹកទំនិញដែលមានទំនាក់ទំនងជាមួយនឹងប្រទេស អ៊ីស្រាអែល។
កាលពីសប្តាហ៍មុន អ៊ីស្រាអែលបានធ្វើការវាយប្រហារដាក់លើ ប្រទេសយេម៉ែនជា លើកដំបូង ដែលជាការវាយប្រហារសងសឹកមួយ បន្ទាប់ពីដ្រូនមួយគ្រឿងរវបស់ក្រុមហ៊ូធីបាន បង្ហោះដ្រូន អត្តឃាតចូលមកបំផ្ទុះក្នុងក្រុង Tel Aviv ដោយបណ្តាលឱ្យមានពលរដ្ឋអ៊ីស្រាអែល ម្នាក់បាន ស្លាប់និងច្រើននាក់រងរបួស។ ការវាយប្រហារសងសឹករបស់ អ៊ីស្រាអែលបានធ្វើដាក់ ទៅលើ កំពង់ផែ Hodeidah។ ការវាយប្រហារនោះបានបានធ្វើឲ្យ មនុស្សយ៉ាងតិច ៦ នាក់ស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស។
សេចក្តីរាយការណ៍កាសែតអាលហ្សាហ្ស៊ីរ៉ាថ្ងៃទី២៦កក្កដានេះ បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានរបស់ក្រុមហ៊ូធី ដែលនិយាយថាគម្រោងវាយប្រហារសងសឹក របស់ក្រុមយុទ្ធជនឥស្លាម ដែលស្និទ្ធនឹងប្រទេសអ៊ីរ៉ង់នេះ នឹងមកដល់ក្នុងពេលខាងមុខនេះ ដែលជាការបង្ហាញនូវសាម គ្គីភាពរបស់ក្រុមយុទ្ធជនហ៊ូធីនោះ ជាមួយពលរដ្ឋប៉ាឡេស្ទីន ក្នុងតំបន់ហ្គាហ្សា។
ចំណែកការវាយប្រហារឆ្លងដែនរវាងក្រុមហេសបូឡានិងអ៊ីស្រាអែលនោះវិញ សេចក្តីរាយ ការណ៍បានបង្ហាញថា គិតពីត្រឹមថ្ងៃទី៨តុលាឆ្នាំ២០២៣ដល់៥កក្កដាឆ្នាំ២០២៤ ការវាយប្រហារ ឆ្លងដែនដាក់គ្នាទៅវិញទៅមកនៃភាគីទាំង២នោះ មានចំនួន៧,៤៩១ដងហើយ។ ប៊ីប៊ីស៊ីបាន ថ្លែងថាក្នុងចំនួន៧,៤៩១ដង នោះគឺការវាយប្រហាររបស់អ៊ីស្រាអែល មានច្រើនជាង៥ដងដាក់ ទៅលើក្រុមហេសបូឡា។ សេចក្តីរាយការណ៍របស់អង្គការសហប្រជាជាតិ បាននិយាយថាការ វាយប្រហារនោះ បានបង្ខំឱ្យមានពលរដ្ឋលើទឹកដីលីបង់ ចំនួន៩ម៉ឺននាក់បានភៀសខ្លួនចេញពី ផ្ទះសម្បែងរបស់ពួកគេ និងមានក្រុមយុទ្ធជនហេសបូឡាបាត់បង់ជីវិតចំនួន៣៦៦នាក់ និងអ គារចំនួន៣,២០០កន្លែងបានរង ការបំផ្លាញដោយស្នាដៃរបស់ទាហានអ៊ីស្រាអែល។
ពីភាគីអ៊ីស្រាអែលនោះវិញ, ក្នុងរយៈពេលវាយប្រហារនោះ មានជនស៊ីវិលភៀសខ្លួនចំនួន៦ ម៉ឺននាក់ដែលរត់ចាកចេញពី ផ្ទះសម្បែងនិងមានពលរដ្ឋអ៊ីស្រាអែលស្លាប់ ចំនួន៣៣នាក់ដោយ សារការវាយប្រហាររបស់ក្រុមហេសបូឡា។ ការវាយប្រហារ ឆ្លងដែនដាក់គ្នានេះ នៅតែបន្ត និងមុននេះមានក្តីបារម្ភថាសង្គ្រាមថ្មីបើសិនជាអាចផ្ទុះមួយទៀត គឺរវាងអ៊ីស្រាអែលនិងប្រ ទេសលីបង់។
ប្រធានសេនាធិការចម្រុះរបស់យោធាអាមេរិកលោកឧត្តមសេនីយ៍ CQ Brown ធ្លាប់បានថ្លែង ថាបើមានការវាយលុក របស់អ៊ីស្រាអែលនៅលីបង់អាចវា "នាំ ឱ្យមានជម្លោះកាន់តែរាល ដាល ធំ" ដែលនឹងអូសទាញប្រទេសអ៊ីរ៉ង់ និងក្រុមគាំទ្រដោយអ៊ីរ៉ង់ ផ្សេងទៀតលោតចូលក្នុងជម្លោះ នេះ។
ឧត្តមសេនីយ CQ Brown បានប្រាប់អ្នកយកព័ត៌មានថា «ក្រុមហេសបូឡា មានសមត្ថភាព ច្រើនជាងក្រុមហាម៉ាស ទាំងសមត្ថភាពរួម, ទាំងគ្រាប់រ៉ុក្កែត និងប្រភេទផ្សេងៗដទៃទៀត»។ ឧត្តមសេនីយ៍រូបនេះបាននិយាយថា លោកបានមើលឃើញថា «អ៊ីរ៉ង់មានទំនោរក្នុងការផ្តល់ ការគាំទ្រខ្លាំងដល់ក្រុមហេសបូឡា»។
កងកម្លាំងយោធាអ៊ីស្រាអែលបានបញ្ជាក់មុននេះថា ផែនការប្រតិបត្តិការសម្រាប់ ការវាយលុកប្រឆាំងនឹងក្រុម Hezbollah ត្រូវបានអនុម័តរួចហើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រា អែលលោក Katz បានព្រមានថាក្រុម Hezbollah នឹងត្រូវបានបំផ្លាញ «ក្នុងសង្គ្រាមពេញទំហឹង មួយ»។
ប៉ុន្តែមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah បាននិយាយតបមកវិញថាលោកមិន ចាប់អារម្មណ៍លើ ការចង់បង្កជម្លោះក្នុងទ្រង់ទ្រាយធំនោះទេ ប៉ុន្តែលោកព្រមានថា ប្រសិនបើ សង្គ្រាមនឹងផ្ទុះឡើងមែនវា “នឹង គ្មានកន្លែងសុវត្ថិភាពទេ” នៅក្នុងអ៊ីស្រាអែលឡើយ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងមុននេះថា ប្រជា ជន នៅក្នុងតំបន់នឹងមិនទ្រាំទ្ររួចបានទេ បើសិនជាប្រទេសលីបង់ក្លាយជាតំបន់ Gaza ថ្មីមួយ ទៀតនោះ។
ពេលនេះប្រធានាធិបតីអាមេរិកលោកចូបៃដិន កំពុងតែសម្រុកធ្វើកិច្ចការដ៏ធំចុងក្រោយមួយ នៅមុនការចូលនិវត្តន៍របស់លោក។ កិច្ចការនោះ គឺការចង់បញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ តើលោកចូ បៃដិនដែលនៅសល់ពេលតែប៉ុន្មានខែទៅមុខទៀតនេះ នឹងអាចសម្រេចនូវការ បញ្ចប់សង្គ្រាមនោះបានដែរឬទេខណៈសង្គ្រាម បានរាលដាលចូលមកក្នុងតំបន់ជាបណ្តើរ ថែមទៀតនេះ? មិនមានអ្នកណាអាចកំណត់ចម្លើយនេះទុកជាមុនបានឡើយ៕