(ប៉េកាំង)៖ ប៉ុន្មានថ្ងៃមុននេះ លោក Trumpអតីតប្រធានាធិបតីអាមេរិក បានរងការលួចធ្វើឃាត ដែលមិនបានសម្រេច នៅក្នុងមីទ្ទេញមួយក្នុងរដ្ឋ Pennsylvania ដែលបណ្តាលឱ្យផ្ទុះការចាប់អារម្មណ៍ជាសកល។ ព្រឹត្តិការណ៍នេះបានកើតឡើង មុននឹងការបោះឆ្នោតសកលរបស់អាមេរិកមិនដល់៤ខែ ដែលបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាខាងនយោបាយ និងភាពចលាចល នៃសង្គមរបស់អាមេរិក ហើយព្រមពេលជាមួយគ្នានេះ វាក៏បានលាតត្រដាងនូវភាពវឹកវរ និងភាពប្រេះស្រាំងយ៉ាងធ្ងន់ធ្ងរនៃ "ប្រជាធិបតេយ្យបែបអាមេរិក" ចំពោះពិភពលោកជាថ្មីម្ដងទៀតផងដែរ។

ក្នុងប្រវត្តិសាស្ត្រអាមេរិក មានប្រធានាធិបតីសរុប៩នាក់ត្រូវបានគេលួចធ្វើឃាត ក្នុងនោះមាន៤នាក់ត្រូវបានស្លាប់បាត់បង់ជីវិត។ ការបែកបាក់គ្នានិងអំពើហិង្សាបានអមជាមួយ "ប្រជាធិបតេយ្យបែបអាមេរិក" ជាប់រហូត។

ប្រជាធិបតេយ្យគឺជាគុណតម្លៃរួម របស់មនុស្សជាតិទាំងអស់ ហើយស្នូលរបស់វាគឺប្រជាជនគឺជាម្ចាស់នៃប្រទេស។ ប៉ុន្តែ តក្កវិជ្ជាដំបូងដែលរចនា ដោយរបបប្រជាធិបតេយ្យបែបអាមេរិក គឺដើម្បីដំណើរការជុំវិញផលប្រយោជន៍នៃមូលធន ហើយត្រូវបានចាត់ទុកថាជា "ប្រជាធិបតេយ្យរបស់មនុស្សចំនួនតូច"។ អាមេរិកតែងតែផ្សព្វផ្សាយថា ទម្រង់នៃ "ប្រជាធិបតេយ្យក្នុងការបោះឆ្នោត" របស់ខ្លួនជាគំរូនៃ "វិធីតែមួយគត់ដែលអាចធ្វើទៅបាន" ដើម្បីសម្រេចបាននូវប្រជាធិបតេយ្យ និងជាស្តង់ដារសម្រាប់វាយតម្លៃថា តើប្រទេសផ្សេងទៀតមានប្រជាធិបតេយ្យឬអត់។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក មិនមែនត្រូវបានជ្រើសរើស ដោយផ្ទាល់ដោយអ្នកបោះឆ្នោតនោះទេ។

អ្នកបោះឆ្នោតរបស់អាមេរិកគឺ "ត្រូវភ្ញាក់ខ្លួន" នៅពេលពួកគេបោះឆ្នោត ហើយបន្ទាប់ពីការបោះឆ្នោត អ្នកបោះឆ្នោត ក៏បានស្ថិតនៅក្នុង "ដំណាក់កាលស្ងប់ស្ងាត់" ដែរ។ មិនថាបក្សមួយណាជាប់ឆ្នោតក៏ដោយ អ្នកនយោបាយដែលទើបជាប់ឆ្នោតថ្មី បានត្រឹមតែសន្យាតែមាត់ ប៉ុន្តែមិនដោះស្រាយបញ្ហាជាក់ស្តែងនោះឡើយ។ប្រព័ន្ធនយោបាយរបស់អាមេរិក មិនអាចឆ្លើយតប ទៅនឹងអ្នកបោះឆ្នោត ក្នុងរយៈពេលយូរឡើយ ផ្ទុយទៅវិញបានបោកប្រាស់អ្នកបោះឆ្នោត វាមុខជានឹងនាំឱ្យ អ្នកបោះឆ្នោត មិនពេញចិត្តជាមិនខាន។ ពេលថ្មីៗនេះ តាមការស្ទង់មតិមួយរបស់ស្ថាប័នស្ទង់មតិ Gallup បង្ហាញឱ្យឃើញថា មានមនុស្សពេញវ័យ អាមេរិកត្រឹមតែ២៨ភាគរយតែប៉ុណ្ណោះ ដែលបានសម្តែងការពេញចិត្តចំពោះ ស្ថានភាពប្រជាធិបតេយ្យ របស់អាមេរិក ដែលបានបំបែកកំណត់ត្រាទាបបំផុត ក្នុងរយៈពេល៤០ឆ្នាំកន្លងមក។

នៅពេលដែលនយោបាយអាមេរិក ត្រូវបានចាប់ជំរិតដោយក្រុមជ្រុលនិយមមួយចំនួនតូច ពីមួយថ្ងៃទៅមួយថ្ងៃ នោះផលប្រយោជន៍ របស់ប្រជាជនអាមេរិកភាគច្រើនដាច់ខាត មុខជានឹងរងការខាតបង់ជាមិនខាន។ តាមទិន្នន័យ ដែលចេញផ្សាយដោយ ក្រសួងស្ថាប័នរដ្ឋាភិបាល និងស្ថាប័នស្រាវជ្រាវពាក់ព័ន្ធរបស់អាមេរិក ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បង្ហាញថា នៅប្រទេសអាមេរិក មានប្រជាជន៣៧.៩លាននាក់ រស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ មានមនុស្សជាង៦៥ម៉ឺននាក់ គ្មានទីជម្រក មនុស្សចំនួនជាង១សែននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារប្រើប្រាស់គ្រឿងញៀនហួសកម្រិត ក្នុងមួយឆ្នាំ ហើយមនុស្សចំនួនប្រហែល៤ម៉ឺន៣ពាន់នាក់ បានស្លាប់បាត់បង់ជីវិតដោយសារព្រឹត្តិការណ៍អំពើហិង្សា ដោយកាំភ្លើងក្នុងមួយឆ្នាំ។ល។

លើសពីនេះទៀត ការបែកបាក់គ្នាខាងនយោបាយ ដែលមានសភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ បានបណ្តាលឱ្យសង្គមអាមេរិកប្រេះស្រាំឋ​កាន់តែខ្លាំងឡើងៗ ដែលបានរង្គោះរង្គើនូវទំនុកចិត្តឋ​របស់ប្រជាជនអាមេរិក ថែមមួយកម្រិតទៀត។ មជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលជាស្ថាប័នស្ទង់មតិរបស់អាមេរិក បានចេញផ្សាយអត្ថបទមួយ កាលពីថ្ងៃទី១០ខែកក្កដាថា យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ បង្ហាញឱ្យឃើញថា មានប្រជាជនអាមេរិកត្រឹមតែ ១៩ភាគរយប៉ុណ្ណោះទេ ដែលជឿជាក់យ៉ាងមុតមាំថា នយោបាយប្រជាធិបតេយ្យរបស់អាមេរិក គឺជាគំរូសម្រាប់ប្រទេសដទៃទៀត ធ្វើត្រាប់តាម ផ្ទុយទៅវិញ មានប្រជាជនអាមេរិក៧២ភាគរយ យល់ឃើញថា "ប្រជាធិបតេយ្យបែបអាមេរិក" ធ្លាប់មានភាពរុងរឿងថ្កុំថ្កើង ប៉ុន្តែឥឡូវនេះ វាលែងគួរឱ្យកោតសរសើរទៀតហើយ។

ទោះបីជាប្រជាធិបតេយ្យអាមេរិក កំពុងប្រឈមមុខនឹងបញ្ហាគ្រប់បែបយ៉ាងក៏ដោយ ក៏ប៉ុន្តែអាមេរិកមិនបានគិតពិចារណា ពីកំហុសរបស់ខ្លួននោះទេ ហើយនៅតែបន្តនាំចេញទស្សនៈតម្លៃ ប្រជាធិបតេយ្យបែបអាមេរិក ទៅកាន់ពិភពលោក ដោយប្រើប្រាស់បញ្ហាប្រជាធិបតេយ្យ មកគាបសង្កត់ប្រទេសដទៃ ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឱ្យការបែកបាក់គ្នា នៃសហគមន៍អន្តរជាតិនិងការបដិបក្ខ ជាក្រុមមានសភាពកាន់តែធ្ងន់ធ្ងរ។ ការផ្សព្វផ្សាយ "លទ្ធិម៉ុនរ៉ូថ្មី" នៅអាមេរិកឡាទីន ញុះញង់អុជអាលឱ្យមាន "បដិវត្តន៍ពណ៌" នៅអឺរ៉ុបនិងអាស៊ី រៀបចំយ៉ាងម៉ត់ចត់នូវអ្វីដែលហៅថា "និទាឃរដូវអារ៉ាប់" នៅអាស៊ីខាងលិចនិងអាហ្វ្រិកខាងជើង។ល។

ពេលបច្ចុប្បន្ននេះ អ្នកផងទាំងឡាយបានមើលឃើញ កាន់តែច្បាស់លាស់ថា ធាតុពិតនៃប្រជាធិបតេយ្យបែបអាមេរិក គឺជាការធានាបាននូវការគ្រប់គ្រងផ្ទៃក្នុង របស់មនុស្សមួយចំនួនតូច និងគាំពារអនុត្តរភាពរបស់ពួកគេ ចំពោះបរទេស ដែលវានៅសែនឆ្ងាយពី ប្រជាធិបតេយ្យពិតប្រាកដ។ ប្រជាធិបតេយ្យបែបនេះ មិនត្រូវការក៏បានដែរ!

វិទ្យុមិត្តភាពកម្ពុជាចិន