(ប៉េកាំង)៖ ព្យុះទីហ្វុង Gaemi បានបោកបក់លើទីក្រុងនានា នៃខេត្ត Fujian ឆ្នេរសមុទ្ររបស់ប្រទេសចិន នៅថ្ងៃសុក្រនេះ ជាមួយនិងភ្លៀងធ្លាក់ក៏ដូចជាខ្យល់បក់ខ្លាំង ខណៈព្យុះដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំមួយនេះ កំពុងរំកិលឆ្ពោះទៅតំបន់ ដែលមានប្រជាជនរស់នៅច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ ២០២៤។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន Xinhua រាយការណ៍ថា ព្យុះដែលបានឆក់យកជីវិតមនុស្សច្រើននាក់ នៅពេលបោកបក់លើ កោះតៃវ៉ាន់ ហើយបង្កជាភ្លៀងប្រចាំរដូវដ៏អាក្រក់ក្នុងប្រទេសហ្វីលីពីន ឥលូវនេះ បានជះឥទ្ធិពលដល់ប្រជាជនជិត ៦៣០,០០០នាក់ក្នុងខេត្ត Fujian ដោយស្ទើរតែពាក់កណ្តាលនៃពួកគេ ត្រូវផ្លាស់ទីលំនៅ។ Gaemi នៅតែមានកម្លាំងខ្យល់ល្បឿន ១០០.៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលមកដល់ទីក្រុង Putian នៃខេត្ត Fujian។ ទោះជាត្រូវចាត់ថ្នាក់ប្តូរមកជាព្យុះត្រូពិក ដោយសារល្បឿនខ្យល់ធ្លាក់ចុះ តែ Gaemi នៅតែបង្កហានិភ័យនៃទឹកជំនន់ ជាពិសេស ទន្លេនៅភាគកណ្តាលនៃប្រទេសចិន ដែលបានហក់ឡើងរួចទៅហើយដោយសារភ្លៀងធ្លាក់កាលពីរដូវក្ដៅ។ តាមការព្យាករ នៅយប់ថ្ងៃសុក្រ Gaemi នឹងទៅដល់ខេត្ត Jiangxi ដែលមានបឹង Poyang ដែលជាបឹងទឹកសាបដ៏ធំបំផុត របស់ប្រទេសចិន។
គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្រ្តព្រមានថា ការឡើងកំដៅផែនដីគឺកាន់តែអាក្រក់ទៅៗ ហើយព្យុះត្រូពិច ទោះជាមិនសូវកើតមានញឹកញាប់ ប៉ុន្តែមានឥទ្ធិពលខ្លាំង៕