(ព្រុចសែល)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានជំរុញឱ្យអ៉ីស្រាអែល លុបចោលការសម្រេចចាត់ទុកទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីន (UNRWA) ជាអង្គការក្រៅច្បាប់ ដោយនិយាយថា វាមិនសមហេតុផល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ ២០២៤។
លោក Borrell បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «ការចាត់ទុក UNRWA ជាអង្គការក្រៅច្បាប់ ហើយចង់ដាក់ឈ្មោះឱ្យថា ជាអង្គការភេរវករ ទាំងដែលវាមិនមែនជាការពិតផងនោះ គឺនឹងប៉ះពាល់ទៅដល់ស្ថិរភាពក្នុងតំបន់ សេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ដែលទទួលបានអត្ថប្រយោជន៍ពីការងាររបស់ទីភ្នាក់ងារ នៃអង្គការសហប្រជាជាតិមួយនេះ។ យើងសូមចូលរួមជាមួយដៃគូជាច្រើនទៀត ជំរុញឱ្យរដ្ឋាភិបាលអ៉ីស្រាអែល បញ្ឈប់ការសម្រេចចិត្តមិនសមហេតុសមផលនោះ» ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សភារបស់ប្រទេសអ៉ីស្រាអែល បានអនុម័តជាបឋមលើសេចក្តីព្រាងច្បាប់មួយ ដោយប្រកាសចាត់ទុកថា UNRWA ជាអង្គការភេរវករ ហើយស្នើឱ្យផ្តាច់ទំនាក់ទំនង។ អ្នកនាំពាក្យ UNRWA លោកស្រី Juliette Touma និយាយថា វាជាការប៉ុនប៉ងមួយផ្សេងទៀត ដើម្បីលុបបំបាត់ទីភ្នាក់ងារនេះ ហើយជាចំណាត់ការមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រអង្គការសហប្រជាជាតិ៕