(ហុងកុង)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានបំពេញទស្សនកិច្ចមកកាន់ទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានអំពាវនាវឱ្យមេដឹកនាំហុងកុង លោក John Lee ទប់ស្កាត់កុំឱ្យរុស្ស៉ីអាចប្រើប្រាស់ហុងកុងជាមធ្យោបាយ ដើម្បីគេចវេះទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច ដែលបានដាក់លើទីក្រុងមូស្គូ ដោយសារសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤។
ទាំងហុងកុងនិងប្រទេសចិន ត្រូវបានរដ្ឋាភិបាលអាមេរិក មើលឃើញជា ច្រកផ្លូវដ៏សំខាន់របស់រុស្ស៉ី ដើម្បីទទួលបានវត្ថុធាតុដើម សម្រាប់យោធារបស់ខ្លួន រួមមានទាំងបន្ទះឈីប និងសមាសធាតុផ្សំសម្រាប់ដ្រូន។ ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «លោក Dmytro Kuleba បានអំពាវនាវឱ្យរដ្ឋបាលហុងកុង ចាត់វិធានការដើម្បីរារាំងរុស្ស៉ី ក៏ដូចជាក្រុមហ៊ុនរុស្ស៉ីនានា នូវឱកាសក្នុងការប្រើប្រាស់ទីក្រុងនេះ ដើម្បីគេចវេះចំណាត់ការរឹតត្បិត ដែលត្រូវបានដាក់ពាក់ព័ន្ធសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន»។
ក្នុងសារអ៉ីម៉ែលឆ្លើយតបមកកាន់ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋបាលទីក្រុងហុងកុង បាននិយាយថា ខ្លួនអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UN)។ ពីមុនមក ហុងកុងធ្លាប់បានអះអាងថា ខ្លួនមិនអនុវត្តទណ្ឌកម្មលក្ខណៈឯកតោភាគី របស់ប្រទេសដទៃឡើយ ប៉ុន្តែអនុវត្តយ៉ាងរឹងមាំបំផុត នូវទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខរបស់ UN ដោយស្របទៅតាមគោលការណ៍របស់ ក្រសួងការបរទេសនៃប្រទេសចិន។
គួរបញ្ជាក់ថា លោក Kuleba បានធ្វើដំណើរមកកាន់ទីក្រុងហុងកុង ក្រោយកិច្ចសន្ទនារយៈពេលជាង៣ម៉ោង ជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នៅទីក្រុងក្វាងចូវ កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលបានផ្តោតទៅលើមធ្យោបាយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន៕