(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ចិននិងរុស្ស៉ីគួរតែរក្សាការទាក់ទងនិងការសហការគ្នា ជុំវិញកិច្ចសហប្រតិបត្តិការនៅតំបន់អាស៉ីបូព៌ា ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព នៃតំបន់នេះ ចំពោះមុខភាពចលាចលអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងការបរទេសចិន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា លោក Wang បានជួបជាមួយ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov អំឡុងកិច្ចប្រជុំអាស៊ាននៅឯប្រទេសឡាវ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ក្នុងជំនួបនោះ លោក Wang បាននិយាយថា នៅចំពោះមុខស្ថានការណ៍អន្តរជាតិដ៏វឹកវរ ចិនត្រៀមខ្លួនជាស្រេចធ្វើការជាមួយរុស្ស៉ី ដើម្បីគាំទ្រគ្នាយ៉ាងរឹងមាំ និងដើម្បីរក្សាការពារផលប្រយោជន៍ស្នូល របស់ប្រទេសទាំងពីរ។ រីឯលោក Lavrov វិញ បានលើកឡើងថា រុស្ស៉ីនឹងធ្វើការជាមួយចិន ដើម្បីគាំទ្រមជ្ឈភាពអាស៊ាន ហើយទប់ស្កាត់ការបង្កអន្តរាយ និងការជ្រៀតជ្រែក ដោយកម្លាំងបរទេស។
គួរបញ្ជាក់ថា លោក Wang ក៏បានបើកជំនួបត្រីភាគីរវាងរដ្ឋមន្រ្តីការបរទេសចិន-រុស្ស៉ី-ឡាវ ផងដែរ។ នាឱកាសនោះ លោកប្រមុខការទូតចិន បានសង្កត់ធ្ងន់ថា បញ្ហាជម្លោះក្នុងតំបន់ បានអូសបន្លាយ ហើយអស្ថិរភាព ភាពមិនជាក់លាក់ និងភាពមិនអាចព្យាករ បានរីករាលដាលពាសពេញពិភពលោក។ នៅថ្ងៃសុក្រនេះ លោក Wang ក៏នឹងត្រូវជួបជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី Yoko Kamikawa ផងដែរ។ បើតាមកាលវិភាគ លោក Wang នឹងបន្តចូលរួមកិច្ចប្រជុំអាស៊ានផ្សេងៗ រហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ៕