(កូឡុំបូ)៖ នៅថ្ងៃសុក្រនេះ ប្រទេសស្រីលង្កាបានប្រកាសថា នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែកញ្ញាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤។
វានឹងជាការបោះឆ្នោតប្រធានាធិបតីលើកដំបូងបំផុត គិតចាប់តាំងពីវិបត្តិសេដ្ឋកិច្ច បានឈានដល់ចំណុចដ៏ធ្ងន់ធ្ងរ កាលពីឆ្នាំ២០២២ ដែលបង្កជាបញ្ហាខ្វះខាតស្បៀងអាហារ ឥន្ធនៈ និងថ្នាពេទ្យ នៅពាសពេញប្រទេសដែនកោះអាស៉ីខាងត្បូងមួយនេះ។ លោក Ranil Wickremesinghe ប្រធានាធិបតីស្រីលង្កាបច្ចុប្បន្ន ដែលមានវ័យ៧៥ឆ្នាំ និងដែលបានឡើងកាន់អំណាច ក្រោយការធ្វើបាតុកម្មដ៏កក្រើក បានបង្ខំឱ្យប្រធានាធិបតីមុន រត់ភៀសខ្លួនចេញពីប្រទេស បានឱ្យសញ្ញាថា រូបលោកគ្រោងនឹងឈរឈ្មោះប្រកួតប្រជែង។
យោងតាមសេចក្តីប្រកាស របស់គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសស្រីលង្កា ការបោះឆ្នោតនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែកញ្ញា ខណៈលោក Wickremesinghe នឹងត្រូវប្រឈមជាមួយគូប្រជែងយ៉ាងហោច២រូប គឺលោក Sajith Premadasa អាយុ៥៧ឆ្នាំ ដែលជាមេដឹកនាំក្រុមប្រឆាំងសព្វថ្ងៃ ហើយនិងលោក Kumara Dissanayake ដែលជាអតីតរដ្ឋមន្រ្តីកសិកម្ម។
គួរបញ្ជាក់ថា ប្រជាជនស្រីលង្កាប្រមាណជាង១៧លាននាក់ ដែលមានអាយុលើស១៨ឆ្នាំ មានសិទ្ធិចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំនេះ៕