(វ៉ាស៉ីនតោន)៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានជំរុញឱ្យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ជួយសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា ដោយនិយាយថា វានឹងអាចបន្ធូរបន្ថយការឈឺចាប់របស់ជនស៉ីវិលប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ ២០២៤។
លោកស្រី Harris បានថ្លែងតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីជូបគ្នាផ្ទាល់ជាមួយ លោក Netanyahu ថា «វាដល់ពេលដែលសង្រ្គាមនេះ ត្រូវបិទបញ្ចប់ហើយ»។ លោកស្រី Harris បានឱ្យដឹងទៀតថា «មានសកម្មភាពដែលអាចសង្ឃឹមបាន ក្នុងការចរចាដើម្បីទទួលបានការឯកភាពគ្នាលើកិច្ចព្រមព្រៀងមួយ ហើយដូចដែលខ្ញុំបានប្រាប់លោកនាយករដ្ឋមន្ត្រី Netanyahu ថាវាដល់ពេលហើយដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនោះ»។
គួរបញ្ជាក់ថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីចុងសប្តាហ៍មុន លោក Harris ដែលទំនងជានឹងក្លាយជាបេក្ខជនប្រធានាធិបតី តំណាងឱ្យគណបក្សប្រជាធិបតេយ្យជំនួស លោក Biden ដែលដកខ្លួនចេញពីការប្រកួតនោះ មិនបានលើកឡើងពីវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សាទេ ប៉ុន្តែបញ្ជាក់ថា លោកស្រីនឹងមិននៅស្ងៀមឡើយ៕