(មូស្គូ)៖ វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា បាននិយាយថារុស្ស៉ីបើកចំហចំពោះកិច្ចចរចាជាមួយអ៊ុយក្រែន ដើម្បីបិទបញ្ចប់ជម្លោះ បើទោះជា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅកាន់អំណាចក៏ដោយ ប៉ុន្តែត្រូវការព័ត៌មានលម្អិតបន្ថែម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ការអត្ថាធិប្បាយបែបនេះរបស់វិមានក្រឹមឡាំង ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានធ្វើការកត់សម្គាល់កាលពីថ្ងៃពុធ សប្ដាហ៍នេះអំឡុងធ្វើទស្សនកិច្ចក្នុងប្រទេសចិន ថាទីក្រុងកៀវបាន និងកំពុងត្រៀមលក្ខណៈសម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៉ី អំពីការគោរពយ៉ាងពេញលេញនូវ អធិបតេយ្យ និងបូរណភាពទឹកដីអ៊ុយក្រែន បើទោះជាលោកផ្ទាល់និយាយថាអ៊ុយក្រែនមិនបានឃើញសញ្ញាវិជ្ជមានពីរុស្ស៉ីក៏ដោយ។

ជុំវិញការលើកឡើងរបស់លោក Kuleba ដែរ នៅពេលត្រូវបានសាកសួរកាលពីថ្ងៃព្រហស្បតិ៍ថាតើរុស្ស៉ីនឹងត្រៀមលក្ខណៈដើម្បីពិភាក្សាជាមួយអ៊ុយក្រែន ខណៈ លោក ហ្សេលេនស្គីកំពុងកាន់អំណាចដែរឬក៏យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «រុស្ស៉ី ជាធម្មតាតែងតែបើកចំហចំពោះដំណើរការនៃកិច្ចចរចា។ ប៉ុន្តែជាដំបូង យើងត្រូវតែស្វែងយល់ជាមុនសិនថាតើខាងភាគីអ៊ុយក្រែនបានត្រៀមខ្លួនយ៉ាងដូចម្ដេច និងថាតើភាគីអ៊ុយក្រែនបានទទួលការអនុញ្ញាតកម្រិតណាពីចៅហ្វាយរបស់ពួកគេ»។ ទីក្រុងមូស្គូបានចោទប្រកាន់លោក ហ្សេលេនស្គីថា ជាអាយ៉ងរបស់អាមេរិក តែប្រធានាធិបតីអ៊ុយក្រែនរូបនេះបានទាត់ចោលការចោទប្រកាន់បែបនេះ។

គួរបញ្ជាក់ថា វិមានក្រឹមឡាំង កន្លងមក បានចោទសួរជាសាធារណៈពីភាពស្របច្បាប់នៃអាណត្តិដឹកនាំរបស់លោក ហ្សេលេនស្គី បន្ទាប់ពីអាណត្តិប្រធានាធិបតីរបស់លោក អស់សុពលភាពកាលពីខែឧសភាកន្លងទៅ ហើយបានជំរុញឱ្យរូបលោករៀបចំការបោះឆ្នោត។ ក៏ប៉ុន្តែ លោក ហ្សេលេនស្គី និងសម្ព័ន្ធមិត្តលោកខាងលិច បានអះអាងថា អ៊ុយក្រែនមានសិទ្ធិផ្អាកការរៀបចំការបោះឆ្នោត ខណៈកំពុងធ្វើសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី ហើយថារុស្ស៉ីគ្មានសិទ្ធិអ្វីមករិះគន់នោះទេ៕