(ញូវដេលី)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបពិភាក្សាគ្នានៅថ្ងៃព្រហស្បតិ៍នេះ និងប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដ៏វែងឆ្ងាយនៅតំបន់ហិម៉ាឡៃយ៉ានឱ្យបានឆាប់រហ័ស។ នេះបើយោងតាមការចេញផ្សាយដោយ ភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៤។
ជំនួបពិភាក្សានេះបានធ្វើឡើងនៅប្រទេសឡាវ ក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាដោះស្រាយបញ្ហាព្រំដែន ដែលជាប្រភពនៃភាពតានតឹងរវាងប្រទេសទាំងពីរអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ការប្តេជ្ញាចិត្តនេះ ធ្វើឡើងត្រឹមតែបីសប្តាហ៍បន្ទាប់ពីកិច្ចប្រជុំចុងក្រោយរបស់ពួកគេនៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការធ្វើឱ្យទំនាក់ទំនងមានភាពប្រសើរឡើង។
ប្រទេសទាំងពីរមានព្រំប្រទល់ដ៏វែងឆ្ងាយនៅក្នុងតំបន់ហិម៉ាឡៃយ៉ាន ដែលភាគច្រើនត្រូវបានកំណត់ព្រំដែនមិនសូវល្អ ហើយទំនាក់ទំនងរវាងពួកគេមានភាពតានតឹងចាប់តាំងពីមានការប៉ះទង្គិចគ្នាដោយយោធាកាលពីខែកក្កដា ឆ្នាំ ២០២០ នៅពេលដែលទាហានឥណ្ឌាយ៉ាងហោចណាស់ ២០នាក់ និងទាហានចិន ៤នាក់ត្រូវបានសម្លាប់។
ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់រហ័ស ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ និងការសម្រេចគោលដៅរួមគ្នា៕