(ព្រុចសែល)៖ ការិយាល័យរដ្ឋអាជ្ញាសាធារណៈសហព័ន្ធ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប៉ូលីសបែលហ្ស៊ិកបានធ្វើការឆែកឆេរផ្ទះចំនួន ១៤កន្លែង ក្នុងការស៊ើបអង្កេតភេរវកម្ម ដោយបន្ថែមថាមនុស្ស ៧នាក់ត្រូវបាននាំយកទៅសួរចម្លើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៤។
ការិយាល័យនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងចំណោមរឿងផ្សេងទៀត ពួកគេត្រូវបានសង្ស័យថា កំពុងរៀបចំការវាយប្រហារភេរវកម្ម។ គោលដៅជាក់លាក់នៃការវាយប្រហារនៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ»។
ការឆែកឆេរផ្ទះចំនួន ១៤កន្លែងនេះ បានកើតឡើងនៅក្នុងទីក្រុង Antwerp, Liege និង Ghent ក្នុងចំណោមទីក្រុងផ្សេងទៀត និងនៅក្នុងតំបន់ Brussels ។ ចៅក្រមនឹងសម្រេចចិត្តនៅពេលក្រោយថា តើជនសង្ស័យទាំង៧នាក់នេះ ត្រូវចោទប្រកាន់ឬយ៉ាងណា។
ការិយាល័យរដ្ឋអាជ្ញា មិនបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ ថាតើផែនការវាយប្រហារនេះ មានទំនាក់ទំនងទៅនឹងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះដែរឬយ៉ាងណា។ រដ្ឋអាជ្ញាប្រឆាំងភេរវកម្មទីក្រុងប៉ារីស ក៏មិនបានឆ្លើយតបនៅពេលសួរថាតើខ្លួនមានជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះដែរឬទេ។
គួរបញ្ជាក់ថា ជនដៃដល់នៃការវាយប្រហារនៅទីក្រុងប៉ារីសក្នុងឆ្នាំ២០១៥ ដែលមនុស្ស ១៣០នាក់បានស្លាប់ និង ៣៦៨នាក់រងរបួស ភាគច្រើនបានរៀបចំផែនការ និងសម្របសម្រួលពីប្រទេសបែលហ្ស៊ិក ដោយជនវាយប្រហារមួយចំនួនជាជនជាតិបែលហ្ស៊ិក ឬអ្នករស់នៅទីនោះ។ ក្នុងឆ្នាំ២០១៦ ការវាយប្រហារដោយគ្រាប់បែកនៅអាកាសយានដ្ឋានព្រុចសែល បានសម្លាប់មនុស្ស ៣៤នាក់ និងរបួស ៣៤០នាក់៕