(ហ្សាការតា)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានរិះគន់យ៉ាងខ្លាំងចំពោះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលមិនព្រមចូលរួមអនុវត្តផែនការសន្តិភាព ដែលត្រូវបានព្រមព្រៀងគ្នា ក្នុងគោលបំណងដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៤។
ការរិះគន់នេះ ធ្វើឡើងក្រោយពីលោកស្រីបានជួបជាមួយសមភាគីសិង្ហបុរី នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ លោកស្រី និងសមភាគីសិង្ហបុរី បានឯកភាពគ្នាថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការអនុវត្តផែនការសន្តិភាព ៥ចំណុច ដែលបានព្រមព្រៀងជាមួយអាស៊ាន បន្ទាប់ពីធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១ នោះទេ។
គួរបញ្ជាក់ថា វិបត្តិនៅមីយ៉ាន់ម៉ា បានបង្កការបែកបាក់ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ ខណៈដែលឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន បានអំពាវនាវឱ្យមានវិធានការតឹងតែងប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ ចំណែកថៃវិញ បានធ្វើការចរចាទ្វេភាគីដាច់ដោយឡែកជាមួយមីយ៉ាន់ម៉ា។
អាស៊ានកំពុងខិតខំស្វែងរកដំណោះស្រាយ តាមរយៈការទូត ប៉ុន្តែមិនទាន់ទទួលបានផ្លែផ្កានៅឡើយទេ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងវៀងចន្ទន៍ ក៏បានជួបការលំបាកក្នុងការឯកភាពគ្នា លើជំហររួមមួយចំពោះបញ្ហាមីយ៉ាន់ម៉ាផងដែរ៕