(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៉ីនិងចិន បានបំពេញបេសកកម្មល្បាតរួមគ្នា នៅលើតំបន់ចុងបូព៌ារុស្ស៉ី ក្បែររដ្ឋ Alaska របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៥​ ខែកក្កដា ឆ្នាំ២០២៤។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា ក្រុមយន្តហោះទម្លាក់គ្រាប់បែករុស្ស៉ី Tu-96MS និងក្រុមយន្តហោះទម្លាក់គ្រាប់បែកចិន Xian H-6 បានរួមគ្នាធ្វើប្រតិបត្តិការល្បាតដែនអាកាស នៅលើសមុទ្រ Chukchi និង Bering និងភាគខាងជើងមហាសមុទ្រប៉ាស៉ីហ្វិក។ ទីក្រុងមូស្គូបានបន្តថា សកម្មភាពល្បាតនោះ ត្រូវបានអនុវត្តដោយស្របទៅតាម​ច្បាប់អន្តរជាតិ និងមិនបានបំពានដែនអាកាសរបស់ប្រទេសណាមួយឡើយ។ បើតាមរុស្ស៉ី នៅចំណុចមួយអំឡុងបេសកកម្មនោះ ក្រុមយន្តហោះទម្លាក់គ្រាបបែកនៃប្រទេសទាំងពីរ ក៏ត្រូវបានអមដំណើរដោយ កងយន្តហោះចម្បាំងរបស់បរទេស ផងដែរ។

សេចក្តីប្រកាសអំពីការហោះហើរល្បាតរួមគ្នារវាងចិននិងរុស្ស៉ីធ្វើឡើង បន្ទាប់ពីបញ្ជាការដ្ឋានការពារដែនអាកាសតំបន់អាមេរិកខាងជើង ហៅកាត់ NORAD ដែលជាបញ្ជាការដ្ឋានរួម រវាងសហរដ្ឋអាមេរិកនិងកាណាដា បាននិយាយថា កងយន្តហោះយោធាអាមេរិកនិងកាណាដា បានហោះស្ទាក់យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៉ី២គ្រឿង និងរបស់ចិន២គ្រឿង នៅក្នុងដែនអាកាសអន្តរជាតិ ក្បែររដ្ឋ Alaska កាលពីថ្ងៃពុធសប្តាហ៍នេះ។ NORAD បានបន្តថា ក្រុមយន្តហោះទម្លាក់គ្រាប់បែករុស្ស៉ីនិងចិន បានបន្តស្ថិតនៅក្នុង​ដែនអាកាសអន្តរជាតិ ហើយមិនត្រូវបានមើលឃើញថាជា ការគំរាមកំហែងឡើយ។

គួរបញ្ជាក់ថា ចិននិងរុស្ស៉ីបានកាន់តែជិតស្និទ្ធនឹងគ្នា ក្នុងពេលប៉ុន្មានឆ្នាំមកនេះ ហើយបានធ្វើសមយុទ្ធយោធារួមគ្នា ជាប្រចាំ។ ជាពិសេសចាប់តាំងពីរុស្ស៉ី បានធ្វើសង្រ្គាមឈ្លានពាន លើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ទីក្រុងប៉េកាំងបានរឹតបន្តឹង​ចំណងទាក់ទងជាលំដាប់ ទាំងផ្នែកការទូត សេដ្ឋកិច្ច និងយោធា ជាមួយទីក្រុងមូស្គូ។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានទៅបំពេញទស្សនកិច្ចទៅចិន កាលពីខែឧសភា ក្នុងការធ្វើដំណើរចេញក្រៅប្រទេសជាលើកដំបូង ក្រោយបន្តជាប់ឆ្នោតជាមេដឹកនាំរុស្ស៉ី ហើយក្នុងខែកក្កដានេះ លោកក៏បានជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ម្តងទៀតផងដែរ អំឡុងកិច្ចប្រជុំថ្នាក់តំបន់ នៅប្រទេសកាហ្សាក់ស្ថាន៕