(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី នាថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានទទួលជួបប្រធានាធិបតីស៉ីរី លោក Bashar al-Assad នៅទីក្រុងមូស្គូ ដើម្បីពិភាក្សាគ្នាអំពី ស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤។
ជំនួបកាលពីយប់ថ្ងៃពុធសប្តាហ៍នេះកើតមានឡើង ស្របពេលដែលរុស្ស៉ីអាចនឹងដើរតួនាទីជា អ្នកសម្រុះសម្រួលភាពតានតឹង រវាងស៉ីរីនិងតួកគី។ រុស្ស៉ីបានជួយសង្រ្គោះរដ្ឋាភិបាលរបស់លោក Assad តាមរយៈការលូកដៃធ្វើអន្តរាគមន៍យោធា កាលពីឆ្នាំ២០១៥ អំឡុងសង្រ្គាមស៉ីវិលនៅប្រទេសស៉ីរី។
វាគឺជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២៣ ហើយបន្ទាប់ពីប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានបង្ហាញសញ្ញាអំពីលទ្ធភាព នៃជំនួបរវាងមេដឹកនាំប្រទេសទាំងបី ដើម្បីព្យាយាមធ្វើឱ្យចំណងទាក់ទងរវាងទីក្រុងអង់ការ៉ានិងដាម៉ាស មានភាពប្រក្រតីឡើងវិញ។
ដំបូងឡើយ តួកគីមានគោលដៅផ្តួលរំលំរបបលោក Assad នៅពេលដែលសង្រ្គាមស៉ីរី បានផ្ទុះឡើងចេញពីការបង្ក្រាបយ៉ាងហិង្សា លើក្រុមបាតុករ កាលពីឆ្នាំ២០១១ ដោយទីក្រុងអង់ការ៉ាបានគាំទ្រក្រុមឧទ្ទាម ដែលទាមទារឱ្យ Assad ត្រូវចុះចេញពីអំណាច។ យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ តួកគីបានផ្លាស់ប្តូរការផ្តោតសំខាន់ ទៅលើកិច្ចប្រឹងប្រែងទប់ស្កាត់ នូវអ្វីដែលលោក Erdogan បានហៅកាលពីឆ្នាំ២០១៩ថា «ច្រករបៀងភេរវកម្ម» កុំឱ្យអាចបើកចំហបាន នៅភាគខាងជើងស៉ីរី។
គួរបញ្ជាក់ថា លោកប្រធានាធិបតីតួកគី ធ្លាប់បានលើកឡើងថា លោកអាចនឹងពិចារណាឡើងវិញ លើទំនាក់ទំនងជាមួយលោក Assad ស្របពេលដែលរដ្ឋាភិបាលរបស់លោក កំពុងធ្វើការ ដើម្បីធានាការធ្វើមាតុភូមិនិវត្តជនភៀសខ្លួនស៉ី រីប្រកបដោយសុវត្ថិភាពនិងដោយស្ម័គ្រចិត្ត។ ចាប់តាំងពីឆ្នាំ២០១៦ តួកគីបានបើកប្រតិបត្តិការយោធាជាច្រើន នៅក្នុងប្រទេសស៉ីរី ដោយកំណត់គោលដៅលើ កងជីវពលឃើដ ក្រុមភេរវករ ISIS ហើយនិងកងកម្លាំង ដែលស្មោះត្រង់ចំពោះលោក Assad។ សព្វថ្ងៃកងកម្លាំងគាំទ្រតួកគី នៅស៉ីរី កំពុងកាន់កាប់តំបន់ធំៗពីរ នៅតាមបណ្តោយព្រំប្រទល់៕