(វ៉ាស៊ីនតោន)៖ នាយក FBI របស់សហរដ្ឋអាមេរិក បាននិយាយថាខ្មាន់កាំភ្លើងដែលបានប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ នៅឯយុទ្ធនាការឃោសនាបោះឆ្នោតមួយ បានស្រាវជ្រាវនៅលើអ៉ីនធើណិត ដើម្បីស្វែងរកព័ត៌មានលម្អិតពាក់ព័ន្ធនឹងការធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក John F. Kennedy កាលពីខែវិច្ឆិកា ឆ្នាំ១៩៦៣ ប៉ុន្មានថ្ងៃ មុននឹងរូបគេធ្វើសកម្មភាពវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយទៅភ្នាក់ងារសារព័ត៌មាន AFP។
អំឡុងការផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការមួយនៃសភាអាមេរិក កាលពីថ្ងៃពុធ ទី២៤ ខែកក្កដា នាយក FBI លោក Christopher Wray ឱ្យដឹងថាខ្មាន់កាំភ្លើងក៏បាន បង្ហោះដ្រូនមួយគ្រឿងពីលើទីតាំងស្ថិតនៅក្បែរកន្លែងដែលលោក ដូណាល់ ត្រាំ ត្រូវថ្លែងសុន្ទរកថាផងដែរ តែជាង២ម៉ោងប៉ុណ្ណោះមុននឹងលោក ត្រាំ ឡើងលើឆាកថ្លែងសារ ទៅកាន់ក្រុមអ្នកគាំទ្រនៅឯយុទ្ធនាការឃោសនាបោះឆ្នោតមួយក្នុងទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា។ លោក Wray បានប្រាប់សមាជិកនៃ គណៈកម្មាធិការយុត្តិធម៌របស់រដ្ឋសភាអាមេរិកទៀតថាក្រុមអ្នកស៊ើបអង្កេតមិនទាន់អាចកំណត់ពីចេតនារបស់ខ្មាន់កាំភ្លើងដែលប៉ងធ្វើឃាតលោក ត្រាំ បាននៅឡើយទេ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានគេចផុតពីការប៉ងធ្វើឃាត ដោយរងរបួសស្រាលត្រង់ស្លឹកត្រចៀកខាងស្ដាំ ហើយក្រុមអ្នកលបបាញ់នៃកងការពារ Secret Service បានបាញ់សម្លាប់ជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks មានអាយុ២០ឆ្នាំ មិនដល់៣០វិនាទីទេ ក្រោយរូបគេបាញ់ ៨គ្រាប់តម្រង់ទៅរកលោក ត្រាំ។ តាមលោក Wray ជនសង្ស័យឈ្មោះ Crooks នេះបានស្រាវជ្រាវនៅលើ Google កាលពីថ្ងៃទី៦ ខែកក្កដា ដើម្បីស្វែងរកព័ត៌មានលម្អិតពាក់ព័ន្ធនឹងការធ្វើឃាត អតីតប្រធានាធិបតីអាមេរិក លោក John F. Kennedy ដោយខ្មាន់កាំភ្លើងឈ្មោះ Lee Harvey Oswald ហើយការស្រាវជ្រាវទាំងនោះ រួមមានទាំងការស្វែងយល់ថាតើ ខ្មាន់កាំភ្លើង Oswald ស្ថិតនៅចម្ងាយប៉ុន្មានពីលោក Kennedy៕