(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធ ទី២៤ ខែកក្កដា បាននិយាយថារដ្ឋមន្ត្រីការបរទេស លោក Antony Blinken បានពន្យារពេលធ្វើដំណើរទៅកាន់តំបន់ អាស៊ីក្នុងសប្ដាហ៍នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនៅឯសេតវិមានជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu ដែលកំពុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ដោយសារតែការពន្យារពេលនេះ លោកប្រមុខការទូតអាមេរិកនឹងមិនអាចទៅចូលរួមពិធីបុណ្យសពរបស់មេដឹកនាំវៀតណាម លោក Nguyen Phu Trong ដែលនឹងធ្វើឡើង នៅថ្ងៃសុក្រសប្ដាហ៍នេះបានឡើយ។ តាមក្រសួងការបរទេសអាមេរិក លោក Blinken នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេសអាស៊ាន មុននឹងបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងហាណូយ ដើម្បីចូលរួមរំលែកទុក្ខជាផ្លូវការចំពោះមរណភាពរបស់លោក Nguyen Phu Trong។ ចំណែកឯ ការចូលរួមរបស់លោក ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក៏នឹងត្រូវបានបង្រួមឱ្យខ្លីផងដែរ ដោយសារតែការពន្យារពេលនេះ។
គួរបញ្ជាក់ថា លោក Blinken បាននិយាយថាក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់អាស៊ី លោកនឹងត្រូវជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នាឱកាស នៃកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសឡាវ។ ប៉ុន្តែមិនទាន់មានការប្រកាសពីកាលបរិច្ឆេទនោះទេ។ ការសម្រេចចិត្តពន្យារពេលទស្សនកិច្ចធ្វើឡើង ក៏ព្រោះតែលោក Blinken ត្រូវចូលរួមក្នុងជំនួបនៅឯសេតវិមានរវាងលោកប្រធានាធិបតី ចូ បៃដិន និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅ វ៉ាស៊ីនតោន)៕