(គៀវ)៖ នៅថ្ងៃពុធនេះ ទីក្រុងខាគីវ ដែលជាទីក្រុងធំទី២របស់អ៊ុយក្រែន ត្រូវបានរុស្ស៊ីវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់ បណ្ដាលឲ្យមនុស្សយ៉ាងតិច៦នាក់រងរបួស និងបំផ្លាញការិយាល័យរបស់អង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសស្វីសមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ ២០២៤។
ការវាយប្រហារនេះ បានបំផ្លាញអគារការិយាល័យរបស់ Fondation suisse de déminage ដែលជាអង្គការមិនមែនរដ្ឋាភិបាលស្វីស ដែលធ្វើការដោះមីននៅក្នុងតំបន់ និងរថយន្តជាច្រើនគ្រឿងដែលប្រើប្រាស់ដោយក្រុមគ្រូពេទ្យ។
អាជ្ញាធរអ៊ុយក្រែនបានបង្ហាញការព្រួយបារម្ភ អំពីការវាយប្រហារនេះ ដោយសារតំបន់នេះសំបូរទៅដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាជន។
អភិបាលក្រុងខាគីវ បានរាយការណ៍ថា ទីក្រុងនេះត្រូវបានរុស្ស៊ីវាយប្រហារចំនួនប្រាំដង បន្ទាប់ពីការវាយប្រហារដំបូងកាលពីយប់មិញ ដោយការវាយប្រហារមួយបានប៉ះពាល់ដល់តំបន់ឧស្សាហកម្មមួយ។
ទោះបីជារុស្ស៊ីបដិសេធការវាយប្រហារ ដោយចេតនាលើជនស៊ីវិលក៏ដោយ ក៏ការវាយប្រហារនេះបានបង្ហាញឱ្យឃើញពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទៅលើជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនអ៊ុយក្រែនផងដែរ៕