(គៀវ)៖ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃពុធនេះបានជួបពិភាក្សាជាមួយសមភាគីចិន លោក Wang Yi នៅទីក្រុងក្វាងចូវ ប្រទេសចិន។ កិច្ចពិភាក្សានេះ ដែលមានរយៈពេលជាងបីម៉ោង ផ្តោតសំខាន់ទៅលើការស្វែងរកដំណោះស្រាយសន្តិភាព ចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានអូសបន្លាយជាងពីរឆ្នាំមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងជំនួបនោះ លោក Kuleba បានបញ្ជាក់ជំហររបស់អ៊ុយក្រែនថា ប្រទេសនេះត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម។ ប៉ុន្តែលោកបានគូសបញ្ជាក់ថា ការចរចានោះអាចកើតមានឡើងបាន លុះត្រាតែរុស្ស៊ីបង្ហាញឆន្ទៈចរចាដោយស្មោះត្រង់ និងបញ្ឈប់សកម្មភាពឈ្លានពានទាំងស្រុង។ លោក Kuleba បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនទាន់បានបង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ថា ខ្លួនពិតជាចង់បញ្ចប់សង្គ្រាមនោះឡើយ។

ប្រទេសចិន ដែលជាមិត្តសំខាន់របស់រុស្ស៊ី បានប្រកាន់ជំហរអព្យាក្រឹតក្នុងជម្លោះនេះ។ យ៉ាងណាក៏ដោយ ចិនក៏បានបង្ហាញការគាំទ្រចំពោះរុស្ស៊ី តាមរយៈការប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» និងការជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីពេលថ្មីៗនេះ។ ចិនក៏បានផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងការទូតដល់រុស្ស៊ីផងដែរ។

ក្នុងជំនួបពិភាក្សានៅទីក្រុងក្វាងចូវ លោក Wang Yi បានអំពាវនាវឱ្យភាគីទាំងពីរចរចាគ្នា ដើម្បីបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាព។ លោកក៏បានបង្ហាញក្តីបារម្ភអំពីស្ថានការណ៍មនុស្សធម៌នៅអ៊ុយក្រែន និងបានសន្យាបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសនេះ។ ទោះបីជាចិនមិនបានថ្កោលទោសជាសាធារណៈ ចំពោះការឈ្លានពានរបស់រុស្ស៊ីក៏ដោយ ក៏ប្រទេសនេះបានអះអាងថា ខ្លួនគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះ៕