(នីហ្សេរីយ៉ា)៖ ក្រុមហ៊ុន Meta បានលុបគណនី Facebook ចំនួន ៦៣,០០០គណនី នៅប្រទេសនីហ្សេរីយ៉ា ដែលព្យាយាមធ្វើការឆបោកផ្លូវភេទ ដែលភាគច្រើនផ្តោតលើបុរសពេញវ័យនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ ២០២៤។
ជនឆបោកនីហ្សេរីយ៉ា ដែលគេស្គាល់ថា "Yahoo boys" ប្រើប្រាស់គណនីក្លែងក្លាយ ដើម្បីបន្លំខ្លួន និងប្រព្រឹត្តបទល្មើសជាច្រើន រួមទាំងការជំរិតទារប្រាក់តាមរយៈផ្លូវភេទ។
ក្រុមហ៊ុន Meta បានប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីកំណត់អត្តសញ្ញាណ និងលុបគណនីទាំងនោះ បន្ទាប់ពីការស៊ើបអង្កេតបានបង្ហាញថា ការប៉ុនប៉ងរបស់ជនឆបោកភាគច្រើនមិនបានសម្រេច ហើយមានករណីខ្លះបានកើតឡើងលើអនីតិជនផងដែរ។
គួរបញ្ជាក់ថា សកម្មភាពឆបោកនេះកើតមានឡើងកាន់តែច្រើននៅក្នុងប្រទេសអាហ្រ្វិកមួយនេះ ខណៈដែលសេដ្ឋកិច្ចកាន់តែធ្លាក់ចុះ ហើយអ្នកនៅពីក្រោយសកម្មភាពទាំងនេះ ក៏បានចែករំលែកគន្លឹះ និងលក់ស្គ្រីប (លក់កូដកម្មវិធី) ដើម្បីបង្រៀនអ្នកដទៃធ្វើសកម្មភាពឆបោកផងដែរ។
ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅនីហ្សេរីយ៉ា នៅតែជាបញ្ហាប្រឈម ទោះបីជាមានច្បាប់ពាក់ព័ន្ធក៏ដោយ ដោយសារជនល្មើសតែងតែប្រើប្រាស់វិធីថ្មីៗ និងបច្ចេកវិទ្យាទំនើប ដើម្បីបន្លំខ្លួន និងប្រព្រឹត្តបទល្មើស៕