(ហ្គាហ្សា)៖ កងកម្លាំងអ៊ីស្រាអែល បានបើកការវាយឆ្មក់ថ្មីនៅតំបន់ហ្គាហ្សាស្ទ្រីប នៅថ្ងៃពុធ (២៤ កក្កដា) ប៉ុន្មានម៉ោងមុនពេលលោកនាយករដ្ឋមន្ត្រី បេនចាមីន នេតានីយ៉ាហ៊ូ នឹងត្រូវថ្លែងទៅកាន់សភាអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកស្រុកបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ បានបំផ្លាញផ្ទះនៅក្នុងទីប្រជុំជនភាគខាងកើតនៃទីក្រុង Khan Yunis នៅភាគខាងត្បូងហ្គាហ្សា ហើយមនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យទៅភាគខាងលិចដើម្បីស្វែងរកទីជម្រក។
សេវាសង្គ្រោះបន្ទាន់ស៊ីវិលប៉ាឡេស្ទីន បានទទួលការហៅទូរសព្ទពីអ្នកស្រុកនៅទីប្រជុំជន Bani Suhaila ភាគខាងកើតនៃទីក្រុង Khan Yunis ដែលជាប់នៅក្នុងផ្ទះរបស់ពួកគេ ប៉ុន្តែមិនអាចទៅដល់ទីនោះបានទេ។
កងទ័ពអ៊ីស្រាអែល ដែលកំពុងព្យាយាមលុបបំបាត់ចលនាហាម៉ាស បាននិយាយថា ខ្លួនកំពុងប្រតិបត្តិការនៅតំបន់ដែលក្រុមអ្នកប្រយុទ្ធ អាចបាញ់រ៉ុក្កែតចូលអ៊ីស្រាអែល និងវាយប្រហារកងកម្លាំងអ៊ីស្រាអែល។
មន្ត្រីសុខាភិបាលនៅហ្គាហ្សាបាននិយាយថា ការវាយប្រហារដោយយោធារបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥៥ នាក់ស្លាប់ ដែលជាចំនួនអ្នកស្លាប់ចុងក្រោយនៃសង្រ្គាម ដែលអាជ្ញាធរសុខាភិបាលនៅតំបន់ស្ទ្រីបបាននិយាយថា វាបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៣៩,០០០នាក់៕