(កៀវ)៖ ខណៈលោក ដូណាល់ ត្រាំ និងក្រុមយុទ្ធនាការកំពុងតែរំពឹងលើ ការឡើងកាន់អំណាចសាជាថ្មី វិញក្រោយការបោះឆ្នោត ខែវិច្ឆិកាខាងមុខនេះ បញ្ហារកការបញ្ចប់សង្គ្រាមអ៊ុយក្រែន ក៏ត្រូវបានគេគូសវាសជា សេចក្តីព្រាងស្នើមួយមកជាបណ្តើរ។ មន្ត្រីទីប្រឹក្សាសំខាន់ ២រូបរបស់លោក ដូណាល់ ត្រាំ បានបង្ហាញអំពីផែនការសន្តិភាពថ្មីសម្រាប់អ៊ុយក្រែន។
ទីប្រឹក្សាសំខាន់ពីររូបរបស់លោក ដូណាល់ ត្រាំ បានបង្ហាញប្រាប់លោក ដូណាល់ ត្រាំ នូវផែនការបញ្ចប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ប្រសិនបើលោកនឹងឈ្នះការបោះឆ្នោតប្រធានាធិបតីថ្ងៃ ទី៥ខែវិច្ឆិកា។ ផែនការនោះ បានប្រាប់ទៅអ៊ុយក្រែនថា ប្រសិនបើរដ្ឋាភិបាលក្រុងគៀវទទួល យកការចរចាសន្តិភាព, នោះអ៊ុយក្រែន នឹងបន្តទទួលអាវុធពីសហរដ្ឋអាមេរិកជាច្រើនថែម ទៀត។
ទីប្រឹក្សាសន្តិសុខជាតិម្នាក់របស់លោកដូណាល់ ត្រាំ គឺឧត្តមសេនីយ៍ឯកយោធាចូលនិវត្តន៍ ឈ្មោះ Keith Kellogg បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា សហរដ្ឋអាមេរិកក៏នឹងប្រាប់ ទៅរដ្ឋាភិបាលក្រុងមូស្គូជាមួយគ្នាដែរថា រាល់ការបដិសេធរបស់រុស្ស៊ីមិនព្រមចរចា វានឹង ជំរុញឱ្យសហរដ្ឋអាមេរិក ងាកមកបង្កើនការគាំទ្រដល់អ៊ុយក្រែន។
ក្រោមផែនការបញ្ចប់សង្គ្រាមដែលរៀបចំដោយលោក Keith Kellogg និងមន្ត្រីម្នាក់ទៀត ឈ្មោះ Fred Fleitz ដែលអ្នកទាំងពីរធ្លាប់ជាសេនាធិការ ក្នុងក្រុមប្រឹក្សាសន្តិសុខជាតិរបស់ លោកដូណាល់ត្រាំក្នុងអម្លុងពេលលោកធ្វើជា ប្រធានាធិបតីឆ្នាំ២០១៧ដល់២០២១នោះ, ផែនការនោះបានសរសេរថាការឈប់បាញ់មួយ នឹងផ្អែកលើមូលដ្ឋានសមរភូមិ ដែលកំពុង តែកើតមាន Prevailing Front Lines ក្នុងអំឡុងពេលចរចាសន្តិភាពនោះ។
មន្ត្រីទីប្រឹក្សាសន្តិសុខាលោក Fred Fleitz បានថ្លែងថា គេបានបង្ហាញពីគំរោងជាយុទ្ធសាស្ត្រ ដើម្បីរកសន្តិភាពបញ្ចប់ សង្គ្រាមនោះ ទៅឱ្យលោក Donald Trump ហើយ ដោយបេក្ខជនប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋនោះ បានឆ្លើយតបដោយក្តីពេញចិត្ត។
លោក Fred Fleitz បានថ្លែងបន្តថាលោកមិនហ៊ានអះអាងថា លោក ដូណាល់ ត្រាំ «យល់ស្រប ឬមិនយល់ស្របតាម គ្រប់ពាក្យសម្តី ដែលបានសរសេរនៅក្នុងគំរោងនោះឡើយ» ប៉ុន្តែលោកថា «យើងរីករាយក្នុងការទទួលបានមកវិញ នូវមតិត្រឡប់ចំពោះអ្វីដែលយើងបានធ្វើចំពោះ គំរោងរកសន្តិភាពនោះ»។
មន្ត្រីនាំពាក្យរបស់លោក Donald Trump គឺលោក Steven Cheung ក្នុងពេលដែលមានការ សាកសួរអំពីការរៀបចំ នូវគំរោងផែនការរកសន្តិភាពនៅអ៊ុយក្រែននោះ បាននិយាយថាមាន តែសេចក្តីថ្លែងការណ៍ដែលធ្វើឡើង ដោយលោក Donald Trump ឬសមាជិកដែលមានការអនុញ្ញាត ក្នុងយុទ្ធនាការរបស់លោកតែប៉ុណ្ណោះ ដែលនឹងត្រូវបានចាត់ទុកថាវាជាផ្លូវការ។
យុទ្ធសាស្ត្រដែលតាក់តែងដោយលោក Kellogg និង Fleitz ត្រូវគេពណ៌នាថា គឺជាផែនការ លម្អិតបំផុតដោយសហការី របស់លោក Donald Trump ដែលលោកធ្លាប់បានអះអាងថា លោកនឹងដោះស្រាយ ដើម្បីធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែនចប់ឱ្យ បានលឿនជាទីបំផុតប្រសិនណាបើលោកឈ្នះ ការបោះឆ្នោតថ្ងៃទី៥វិច្ឆិកាឆ្នាំ២០២៤។ ប្រសិនណាបើលោកដូណាល់ត្រាំ ឈ្នះឆ្នោតពិតប្រាកដមែននោះ លោកនឹងមិនរង់ចាំដល់ថ្ងៃប្រកាសជាផ្លូវការ ប្រកាសជាប្រធានាធិបតីស្របច្បាប់នោះឡើយ លោកត្រូវគេរំពឹងថានឹងធ្វើកិច្ចការរកសន្តិភាពនោះឱ្យបាន សម្រេចដូចអ្វីដែលលោកបានសន្យាថា នៅពេលក្លាយជា ប្រធានាធិបតីអាមេរិកថ្មីភ្លាម លោក នឹងដោះស្រាយបំបាត់សង្គ្រាមអ៊ុយក្រែនត្រឹមរយៈពេល២៤ម៉ោង។
**** គំរោងថ្មីប៉ះពាល់ផែនការចាស់
គំរោងនៃការបញ្ចប់សង្គ្រាមនៅអ៊ុយយក្រែននោះ នឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយនៅក្នុង ជំហររបស់រដ្ឋបាលអាមេរិកបច្ចុប្បន្ន ហើយវាក៏នឹងប្រឈមចំពោះការជំទាស់ពី ក្រុមសម្ព័ន្ធមិត្ត អឺរ៉ុបនិងក៏អាចនៅក្នុងគណបក្សសាធារណរដ្ឋរបស់លោក Donald Trump នោះថែមទៀត។ វិមានក្រឹមឡាំងនៃប្រទេសរុស្ស៊ី បាននិយាយថា ផែនការសន្តិភាពណាមួយដែលស្នើឡើង ដោយអនាគតរដ្ឋបាលលោក Trumpនោះ នឹងត្រូវឆ្លុះបញ្ចាំងពីការពិតនៅលើទឹកដីដោយផ្ទាល់ ប៉ុន្តែរុស្ស៊ីក៏បានប្រញាប់បញ្ជាក់ មកវិញថា លោកប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅតែរក្សាបើកទ្វារចំហសម្រាប់ការចរចាជានិច្ច។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងថា "លោកប្រធានាធិបតី ពូទីន បាននិយាយ ម្តងហើយម្តងទៀតថា ប្រទេសរុស្ស៊ីរហូតមកទល់ពេលនេះបាននិងកំពុងតែបើក ទ្វារចំហសម្រាប់ការចរចាដោយគិតគូរ ពីស្ថានភាពជាក់ស្តែងនៅលើដី" ។
ប៉ុន្តែទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន គឺលោក Mykhailo Podolyak បាននិយាយនៅថ្ងៃអង្គារ៍ សប្តាហ៍នេះថា ការឈប់បាញ់គ្នានៅសមរភូមិជួរមុខ ដែលកំពុងតែកើតមាន Prevailing Front Lines នឹងក្លាយជា "រឿងចម្លែក" ដោយសារតែរុស្ស៊ីបានបំពានច្បាប់អន្តរជាតិដោយការឈ្លាន ពានមកលើអ៊ុយក្រែន។
លោក Mykhailo Podolyak បានប្រាប់បណ្តាញសារព័ត៌មានថា "អ៊ុយក្រែនមានជំហរច្បាស់ លាស់ហើយវាក៏ត្រូវបានសរសេរ នៅក្នុងរូបមន្តសន្តិភាពដែលស្នើឡើងដោយលោកប្រធានា ធិបតី Volodymyr Zelenskiy ដែលបញ្ជាក់ច្បាស់រួចមកហើយ។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះរដ្ឋបាលលោកចូបៃដិន មិនដែលបានបង្ខំឱ្យអ៊ុយក្រែនធ្វើការចរចា ជាមួយនឹងរុស្ស៊ីនោះឡើយ។
មន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី Adrienne Watson បាននិយាយថា "ប្រធានាធិបតី Biden ជឿថាការសម្រេចចិត្តណាមួយអំពីការចរចាគឺវាអាស្រ័យទៅលើអ៊ុយ ក្រែន"តែប៉ុណ្ណោះ។
**** តើក្នុងគំរោងស្នើនោះនិយាយយ៉ាងណា អំពីអ៊ុយក្រែនស្នើចូលជាសមាជិកអង្គការណាតូ?
ការរៀបរាប់នូវផែនការស្នូលនៃគំរោងស្នើចេញ ដោយមន្ត្រីទីប្រឹក្សាសន្តិសុខរបស់លោក ដូណាល់ត្រាំ ត្រូវគេរាយការណ៍ថា ត្រូវបានផ្សាយវិទ្យាស្ថាន «America First Policy Institude» ដែលជាក្រុម Think Tank មួយរបស់លោក ដូណាល់ ត្រាំនិងគ្រប់គ្រងដោយលោក Keith Kellogg និងលោក Fred Fleitz។
លោក Kellogg បាននិយាយថា វាជាការចាំបាច់ណាស់ក្នុងការជំរុញឱ្យរុស្ស៊ី និងអ៊ុយក្រែន ត្រូវចូលទៅកាន់តុចរចា ឱ្យបានឆាប់រហ័សប្រសិនបើលោក Donald Trump ឈ្នះក្នុងការ បោះឆ្នោតជាប្រធានាធិបតីក្នុងខែវិច្ឆិកានោះ។លោកបានថ្លែងយ៉ាងនេះថា "យើងប្រាប់អ៊ុយក្រែនថា អ្នកត្រូវតែចូលមកក្នុងតុចរចា ហើយប្រសិនបើអ្នកមិនចូលមក ក្នុងតុចរចានោះទេ ការគាំទ្ររបស់អ្នកពីសហរដ្ឋអាមេរិកនឹងមិនមាន ទៀតឡើយ"។
លោកហ្សេឡិនស្គី បានថ្លែងក្នុងសប្តាហ៍នេះទទួលស្គាល់ថាប្រសិនណាបើលោកដូណាល់ត្រាំ បានឈ្នះឆ្នោតដឹកនាំសេតវិមាន មែននោះ ការធ្វើការរវាងអ៊ុយក្រែនជាមួយនឹងរដ្ឋបាលថ្មីនោះ នឹងមានការពិបាក ប៉ុន្តែលោកប្រញាប់ថ្លែងវិញថាប៉ុន្តែអ៊ុយក្រែន គឺជាអ្នកធ្វើការដែលទ្រាំនឹង កិច្ចការលំបាក។ ប្រសាសន៍របស់លោកហ្សេឡិនស្គី ត្រូវគេវិភាគថាអ៊ុយក្រែនគ្មានជំរើសអ្វី ក្រៅពីទ្រាំសហការជាមួយនឹងសហរដ្ឋអាមេរិកឡើយ ដើម្បីនយោបាយប្រឆាំងរបស់ខ្លួនចំពោះរុស្ស៊ីនោះ។
ឧត្តមសេនីយ៍យោធាចូលនិវត្តន៍លោក Kellogg បាននិយាយបន្តទៀតថាជាមួយគ្នានឹងការ និយាយទៅកាន់អ៊ុយក្រែន ឱ្យចូលមកក្នុងតុចរចានោះ គេក៏នឹងប្រាប់ទៅមេដឹកនាំរុស្ស៊ី លោក ពូទីនដែរថា «អ្នកឯងត្រូវតែចូលមកក្នុងតុចរចា។ ហើយប្រសិនបើអ្នកមិនចូលមកក្នុងតុចរ ចាទេ (សហរដ្ឋអាមេរិក) នឹង ផ្តល់ឱ្យអ៊ុយក្រែននូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការដើម្បី សម្លាប់ពួកអ្នកនៅក្នុងសមរភូមិ។» យោងតាមឯកសារស្រាវជ្រាវរបស់ពួកគេទាំងនោះ រដ្ឋាភិបាលក្រុងមូស្គូ នឹងត្រូវអូសទាញឱ្យ មកចូលរួមក្នុងតុចរចាជាមួយការសន្យា នៃការព្យួរសមាជិកភាពអង្គការណាតូរបស់អ៊ុយក្រែន នោះទុកចោលសិន។
រុស្ស៊ីបានលុកលុយប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ក្រោយប្រតិបត្តិការសន្តិភាពរបស់ខ្លួន។ រុស្ស៊ីនៅចុងខែកញ្ញាឆ្នាំ២០២២ បានប្រកាសកាត់ដីយកខេត្តចំនួន៤ ពីភាគខាងកើតអ៊ុយ ក្រែនគឺខេត្តដូណេតស៍, ខេត្តលូហានស៍, ហ្សាប៉ូរីហ្សៀនិងខេត្តខឺសិន ខណៈសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបបដិសេធមិនទទួលស្គាល់ឡើយ។
ការវាយប្រហារបានរុញច្រានគ្នាទៅវិញទៅមក ប៉ុន្តែនៅក្នុងឆ្នាំ២០២៤នេះ រុស្ស៊ីបានប្រកាស ការគ្រប់គ្រងដីភាគខាងកើត បានច្រើនគួរកត់សម្គាល់។ បច្ចុប្បន្នទំហំទឹកដីដែលរុស្ស៊ីបានកាន់ កាប់នាតំបន់ភាគខាងកើតអ៊ុយក្រែន មានទំហំជាង ១០០ពាន់គីឡូម៉ែត្រក្រឡា ដែលស្មើនឹង១ ភាគ៥នៃទឹកដីទាំងមូលរបស់អ៊ុយក្រែន។ សង្គ្រាមឈានចូលក្នុងឆ្នាំទីបីនេះ ត្រូវគេរាយការណ៍ ជុំវិញមានការស្លាប់និងរបួស នៃទាហានរៀងៗខ្លួនច្រើនសែននាក់។
លោក Fleitz បាននិយាយថា យោងតាមផែនការរកសន្តិភាពនោះ អ៊ុយក្រែនមិនត្រូវការប្រគល់ទឹកដីជាផ្លូវការទៅឲ្យរុស្ស៊ីនោះទេ ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោកបាននិយាយថា អ៊ុយក្រែនទំនងជាមិនអាចឈ្នះដើម្បីគ្រប់គ្រងទឹកដីរបស់ខ្លួន ឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ នេះដែរ។
លោក Fleitz បានថ្លែងបន្តថា «ការព្រួយបារម្ភរបស់យើងនោះគឺថាវាបានក្លាយជាសង្គ្រាម នៃការបំផ្លាញដែលនឹងសម្លាប់យុវជន មួយជំនាន់ទាំងមូល»។ លោក Kellogg និងលោក Fleitz បាននិយាយថា សន្តិភាពយូរអង្វែងនៅក្នុងអ៊ុយក្រែននឹង តម្រូវឱ្យមានការធានាសន្តិសុខបន្ថែមសម្រាប់អ៊ុយក្រែន។ លោក Fleitz បានបន្ថែមថា "ការ បំពាក់អាវុធមាំមួយទៅអ៊ុយក្រែន" នឹងទំនងជាធាតុសំខាន់នៃរឿងនោះ។
អ្នកពាក្យរបស់លោក Donald Trump គឺលោក Steven Cheung បាននិយាយថាអាទិភាព កំពូលក្នុងការកាន់អំណាច របស់លោកDonald Trump ក្នុងអាណ្ណត្តិ ទី២នេះ គឺការចរចារឱ្យឆាប់ បញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ អ្នកវិភាគមួយចំនួន បានសម្តែងការព្រួយបារម្ភថាផែនការរកសន្តិភាពរបស់លោក Kellogg និង Fleitz នឹងអាចផ្តល់ឱ្យទីក្រុងមូស្គូ នូវប្រៀបឈ្នះទៅលើក្រុងគៀវ។
លោក Daniel Fried អតីតអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលធ្លាប់ធ្វើកិច្ចការផ្តោតលើនយោ បាយរបស់រុស្ស៊ី បានថ្លែងថា "អ្វីដែលលោក Kelloggបាននិយាយនៅក្នុងសំណើរកសន្តិភាព នៅអ៊ុយក្រែននោះវាដូចជាដំណើរការមួយ ចង់ឱ្យរកអ៊ុយក្រែនបោះបង់ចោលទឹកដីទាំងអស់ ដែលរុស្ស៊ីកាន់កាប់ឥឡូវនេះ"។
ក្នុងអំឡុងពេលសម្ភាសន៍មួយកាលពីមុននេះ លោក Trump បានច្រានចោលការប្តេជ្ញាចិត្ត របស់កងទ័ពអាមេរិកទៅកាន់ អ៊ុយក្រែន ហើយលោកបានបង្ហាញនូវការមិនចង់ឱ្យអ៊ុយក្រែន ក្លាយជាសមាជិករបស់អង្គការណាតូនោះថែមទៀត។
លោកបានបញ្ជាក់ថា លោកនឹងឈានទៅកាត់ជំនួយយ៉ាងលឿនដល់រដ្ឋាភិបាលក្រុង Kyiv តែម្តងប្រសិនបើលោកជាប់ឆ្នោត ដែលខុសគ្នាទាំងស្រុងនឹងជំហររបស់រដ្ឋបាលលោកចូបៃដិន ដែលបានជំរុញយ៉ាងខ្ជាប់ខ្ជួននូវជំនួយអាមេរិក ដល់អ៊ុយក្រែនជាបន្ថែមទៀត ហើយរដ្ឋបាលរបស់លោកចូបៃដិននោះ ថែមទាំងគាំទ្រអ៊ុយក្រែនដើម្បីក្លាយជា សមាជិករបស់អង្គការណាតូ ថែមទៀត៕