(វៀងចន្ទន៍)៖ សមាគមន៍ប្រជាជាតិអាស៉ីអាគ្នេយ៍ (ASEAN) បានជួបជុំគ្នាក្នុងប្រទេសឡាវ នៅថ្ងៃពុធនេះ ខណៈដែលប្លុកនេះ ស្វែងរកការបំបែកភាពជាប់គាំងដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា និងភាពតានតឹងនៅសមុទ្រចិនខាងត្បូង ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំជាមួយ ក្រុមមន្រ្តីទូតកំពូលៗនៃប្រទេសមហាអំណាច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ ២០២៤។
រដ្ឋមន្រ្តីការបរទេសអាស៊ាន កំពុងបន្តការពិភាក្សាទៅលើកិច្ចខិតខំប្រឹងប្រែងដែលទទួលបានលទ្ធផលតិចតួច ដើម្បីបញ្ចប់សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា ដែលអង្គការសហប្រជាជាតិថា បានធ្វើឱ្យមនុស្ស ២.៦លាននាក់ ត្រូវភៀសខ្លួនចេញពីប្រទេស។ សមាជិកធំៗនៃអាស៊ាន ដូចជា ថៃ ឥណ្ឌូណេស៉ី សិង្ហបុរី ម៉ាឡេស៉ី ធ្លាប់សម្តែងការខកចិត្ត ចំពោះរបបយោធា ដែលគ្មានឆន្ទៈគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចសន្ទនា។ លោក Sidharto Suryodipuro មន្រ្តីជាន់ខ្ពស់មួយរូប នៃក្រសួងការបរទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា បញ្ហាគឺស្មុគស្មាញ និងត្រូវការពេលដើម្បីដោះស្រាយ។ វឌ្ឍនភាពកំពុងដំណើរការទៅសន្សឹមៗ។ ក្រោមការដឹកនាំរបស់ឡាវ បេសកជនពិសេសកំពុងទាក់ទងជាមួយភាគីជាច្រើន។
អាស៊ាន ក៏រំពឹងថានឹងជំរុញឱ្យមានការសម្រេចចុងក្រោយ លើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលអូសបន្លាយពេលយូរមកហើយ ជាមួយទីក្រុងប៉េកាំង។ ក្រមប្រតិបត្តិនេះ ត្រូវបានផ្តួចផ្តើមឡើងកាលពីឆ្នាំ២០០២ និងចាប់ធ្វើសកម្មភាពនៅឆ្នាំ២០១៧ ជាមួយនិងការចំណាយពេលច្រើនឆ្នាំ ទម្រាំឈានដល់លក្ខខណ្ឌ សម្រាប់ការចរចាលើខ្លឹមសាររួម។ បញ្ហាបន្ទាន់ ឥលូវនេះ គឺការប្រឈមមុខគ្នាជាបន្តបន្ទាប់រវាងទីក្រុងប៉េកាំង និងហ្វីលីពីនជុំវិញតំបន់ថ្មប៉ប្រះទឹកមានវិវាទ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ដោយទីក្រុងម៉ានីល និងវ៉ាស៊ីនតោន ចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រចិន ថាប្រព្រឹត្តសកម្មភាពគ្រោះថ្នាក់។ បើតាម លោកស្រី Theresa Lazaro អ្នកការទូតជាន់ខ្ពស់ហ្វីលីពីន ទីក្រុងម៉ានីល នឹងស្នើឱ្យមានការបង្កើតវេទិកាឆ្មាំសមុទ្រអាស៊ាន (ASEAN Coast Guard Forum) ដែលមានវត្តមានសមាជិករបស់ខ្លួនផងនោះ ដើម្បីបើកកិច្ចសន្ទនា និងការអនុវត្តច្បាប់ ខណៈផែនការបែបនេះ ទំនងជាធ្វើឱ្យចិនមិនសប្បាយចិត្ត។
គួរបញ្ជាក់ថា កិច្ចប្រជុំនៃរដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងបន្តទៅជាមួយកិច្ចប្រជុំកំពូលចំនួនពីរទៀត រហូតដល់ថ្ងៃសៅរ៍ចុងសប្តាហ៍ ដោយកំណត់ឡើងដើម្បីដោះស្រាយបញ្ហាសកលសំខាន់ៗ ហើយមានការចូលរួមដោយមន្ត្រី មកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន ចិន រុស្ស៊ី និងប្រទេសដ៏ទៃទៀត។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងជំរុញឱ្យមាន ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ នៅតំបន់សមុទ្រចិនខាងត្បូង អំឡុងកិច្ចប្រជុំកំពូល ដែលនឹងមានវត្តមានរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។ សមភាគីជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងរុស្ស៉ី ស្ថិតក្នុងចំណោមប្រទេសដទៃទៀត ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៉ីបូព៌ានៅថ្ងៃសៅរ៍ និងវេទិកាតំបន់អាស៊ានដែលផ្តោតលើសន្តិសុខ៕