(មូស្គូ)៖ ទីភ្នាក់ងារព័ត៌មានរុស្ស៉ី TASS បានឱ្យដឹងថា នាវាចម្បាំងវៀតណាមមួយគ្រឿង បានធ្វើដំណើរមកដល់កំពង់ផែទីក្រុង Vladivostok នៃប្រទេសរុស្ស៉ី ដើម្បីបំពេញទស្សនកិច្ច។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ទីភ្នាក់ងារព័ត៌មាន TASS បានបន្តថា នាវាចម្បាំងខាងលើ មានឈ្មោះថា Hung Dao ហើយនាវានោះ នឹងស្ថិតនៅប្រទេសរុស្ស៉ី រហូតដល់ដាច់ខែកក្កដានេះ។ នាវាចម្បាំង Hung Dao គឺជានាវាយោធាប្រភេទ frigate ធុនស្រាល ដែលមានបំពាក់មីស៉ីល និងផលិតឡើងនៅរុស្ស៉ី ហើយវាត្រូវបានកងទ័ពជើងទឹកវៀតណាម ដាក់ដំណើរការជាផ្លូវការ កាលពីឆ្នាំ២០១៨។
គួរបញ្ជាក់ថា វត្តមាននាវាចម្បាំងវៀតណាម នៅទីក្រុង Vladivostok នៃតំបន់ចុងបូព៌ារុស្ស៉ី គឺកើតមានឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ហើយលើកឡើងថា រូបលោកចង់កសាងរចនាសម្ព័ន្ធសន្តិសុខ ដែលអាចជឿទុកចិត្តបានមួយ នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក៕