(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នាថ្ងៃពុធនេះថា បានរាយការណ៍ថា ប្រមុខការទូតនៃប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី បានធ្វើដំណើរមកដល់ទីក្រុងព្យុងយ៉ាង ដើម្បីបំពេញទស្សនកិច្ចរយៈពេលសរុប៤ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បាននិយាយថា តបតាមការអញ្ជើញរបស់ក្រសួងការបរទេសកូរ៉េខាងជើង លោក Maxim Ruzenkov រដ្ឋមន្រ្តីការបរទេសបេឡារុស បានមកដល់កូរ៉េខាងជើង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការមួយ។
បើតាម KCNA ក្នុងពិធីស្វាគមន៍គណៈប្រតិភូបេឡារុស រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានលើកឡើងថា កូរ៉េខាងជើងនឹងជំរុញទំនាក់ទំនងជាមួយទីក្រុងមីនស្កិ៍ ឱ្យស៉ីជម្រៅក្នុងគ្រប់វិស័យទាំងអស់ ដើម្បីបើកយុគសម័យថ្មី នៃទំនាក់ទំនងប្រសើរឡើង រវាងប្រទេសទាំងពីរ។ រីឯលោក Ruzenkov វិញ បាននិយាយថា ប្រធានាធិបតីបេឡារុស លោក Alexander Lukanshenko និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សុទ្ធតែមានក្តីសង្ឃឹមដូចគ្នាថា នឹងអាចធ្វើឱ្យទំនាក់ទំនង កាន់តែមានភាពជិតស្និទ្ធ។
គួរបញ្ជាក់ថា ទស្សនកិច្ចខាងលើធ្វើឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបំពេញទស្សនកិច្ចមកកាន់កូរ៉េខាងជើង កាលពីខែមិថុនាកន្លងទៅ ដែលជាលើកដំបូងបំផុត ក្នុងរយៈពេលប្រមាណ២៤ឆ្នាំ។ អំឡុងទស្សនកិច្ចនោះ លោក ពូទីន បានចុះសន្ធិសញ្ញាស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយលោក គីម ជុងអ៊ុន ក្នុងនោះរួមមានទាំង ការប្តេជ្ញាជួយគ្នាទៅវិញទៅមក ប្រសិនបើភាគីណាមួយ រងការវាយប្រហារ៕