(សេអ៊ូល)៖ ក្រុមមន្ត្រីសន្តិសុខកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាបាឡុងផ្ទុកសំរាមមួយចំនួនបង្ហោះដោយកូរ៉េខាងជើង បានធ្លាក់ក្នុងបរិវេណ វិមានប្រធានាធិបតី នៅថ្ងៃពុធ ទី២៤ ខែកក្កដានេះ ដោយជំរុញឱ្យសេអ៊ូលដាក់ពង្រាយក្រុមអ្នកជំនាញខាងសារធាតុគីមី។
នេះជាលើកដំបូងបំផុត ដែលបាឡុងផ្ទុកសំរាមរបស់កូរ៉េខាងជើង ធ្លាក់ក្នុងបរិវេណការិយាល័យមេដឹកនាំកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូល ដែលត្រូវបានការពារយ៉ាងមាំទាំ ដោយទាហានជាច្រើន និងជាតំបន់គ្មានការហោះហើរ ចាប់តាំងពីទីក្រុងព្យុងយ៉ាង ផ្ដើមធ្វើយុទ្ធនាការបោះបង្ហោះបាឡុងសណ្ដោងសំរាមចូលដីកូរ៉េខាងត្បូង កាលពីខែឧសភា មក។ មន្ត្រីសន្តិសុខប្រចាំវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានប្រាប់ AFP ថាក្រុមអ្នកជំនាញខាងសារធាតុគីមី ជីវសាស្ត្រ និងសារធាតុវិទ្យុសកម្ម បានប្រមូលបាឡុងសំរាម ទាំងនោះដោយសុវត្ថិភាព ហើយក្រោយការវិភាគ ជាលទ្ធផលបញ្ជាក់ថាមិនមានសារធាតុគ្រោះថ្នាក់ ឬសារធាតុចម្លងជំងឺណាមួយត្រូវបានរកឃើញនោះទេ។
គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង នៅមុននោះបន្តិច បានឱ្យដឹងថាកូរ៉េខាងជើង បានបង្ហោះបាឡុងចូលដីកូរ៉េខាងត្បូងសាជាថ្មី ខណៈអាជ្ញាធរទីក្រុងសេអ៊ូលចេញសារអាសន្ន នៅព្រឹកថ្ងៃពុធនេះជាមួយការព្រមានកុំឱ្យប៉ះពាល់បាឡុងទាំងនោះឱ្យសោះ ហើយបើប្រទះឃើញត្រូវរាយការណ៍ជូនអាជ្ញាធរ។ នេះគឺជាលើកទី១០ផងដែរដែលកូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមចូលដីកូរ៉េខាងត្បូង នៅក្នុងឆ្នាំ២០២៤នេះ ជាការសងសឹកទៅនឹងសកម្មជនកូរ៉េខាងត្បូងដែលបង្ហោះបាឡុងសណ្ដោងខិត្តប័ណ្ណរិះគន់របបដឹកនាំ លោក គីម ជុងអ៊ុន ចូលក្នុងដីកូរ៉េខាងជើង។
ជាការឆ្លើយតបដែរ កូរ៉េខាងត្បូងបានចាប់ផ្ដើមឡើងវិញទាំងស្រុងនូវដំណើរការឧបករណ៍បំពងសំឡេងឃោសនារិះគន់ប្រឆាំងកូរ៉េខាងជើង នៅតំបន់ព្រំដែន៕