(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃទី២៣ ខែកក្កដា បានច្រានចោលការអំពាវនាវពីសំណាក់សម្ព័ន្ធគណបក្សឆ្វេងនិយម ឱ្យតែងតាំង នាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីការបោះឆ្នោតសភាមុនអាណត្តិដ៏ជូចត់ ដោយទុកឱ្យលោកនាយករដ្ឋមន្ត្រីចាំផ្ទះ Gabriel Attal ដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមលោក ម៉ាក្រុង គណបក្សទាំងអស់នៅក្នុងរដ្ឋសភាបារាំង ត្រូវតែរួបរួមគ្នាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ នៅក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស (Paris Olympic Games) បិទបញ្ចប់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង France 2 លោក ម៉ាក្រុងបានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ យើងចាំបាច់ត្រូវផ្តោត លើព្រឹត្តិការណ៍កីឡាអូឡាំពិក រហូតដល់ពាក់កណ្ដាលខែសីហា...ហើយបន្ទាប់ពីនោះ វាជាទំនួលខុសត្រូវរបស់ខ្ញុំដើម្បីតែងតាំងនាយករដ្ឋមន្ត្រីម្នាក់ ហើយផ្ដល់ជំនឿចិត្តដល់ ពួកគេលើភារកិច្ចបង្កើតរដ្ឋាភិបាលមួយ ដែលអាចនឹងទទួលបានការគាំទ្រយ៉ាងទូលំទូលាយ»។
គួរបញ្ជាក់ថា លោក ម៉ាក្រុង បានប្រកាសរំលាយសភា និងអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ដោយក្នុងនោះការបោះឆ្នោតជុំទី២ កាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ បានផលិតរដ្ឋសភាមួយឡើងដែលមិនមានបក្សណាមួយឈ្នះសំឡេងភាគច្រើនដាច់ខាតនោះទេ។ តាមលទ្ធផលបោះឆ្នោត សម្ព័ន្ធគណបក្សឆ្វេងនិយម មានអាសនៈនៅក្នុងដៃ១៩៣ ខណៈសម្ព័ន្ធគណបក្សរបស់លោកម៉ាក្រុង មាន១៦៤អាសនៈ ហើយគណបក្សស្ដាំនិយមជ្រុល RN និងសម្ព័ន្ធមិត្តរបស់ខ្លួនមាន១៤៣អាសនៈ ៕