(វ៉ាស៊ីនតោន)៖ នាយកសេវាសម្ងាត់អាមេរិក (Secret Service) លោកស្រី Kimberly Cheatle បានលាលែងពីតំណែងនៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយរងការរិះគន់យ៉ាងខ្លាំងពីការបរាជ័យ ក្នុងការការពារអតីតប្រធានាធិបតី លោក Donald Trump ពីការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃទី១៣ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
លោកស្រី Cheatle បានប្រឈមមុខនឹងការថ្កោលទោសពីសមាជិកសភាទាំងពីរបក្ស ក្រោយការបង្ហាញខ្លួននៅចំពោះគណៈកម្មាធិការត្រួតពិនិត្យសភាតំណាងរាស្រ្ត ដោយមិនអាចឆ្លើយសំណួរសំខាន់ៗអំពីផែនការសន្តិសុខ និងការឆ្លើយតបរបស់សមត្ថកិច្ច។ លោកស្រី ក៏បានទទួលស្គាល់កំហុសនេះផងដែរ។
ការលាលែងពីតំណែងនេះ កើតឡើងក្រោយការបាញ់ប្រហារមកលើលោក Trump ពីដំបូលផ្ទះមួយ ក្នុងអំឡុងពេលដឹកនាំយុទ្ធនាការបោះឆ្នោតនៅទីក្រុង Butler រដ្ឋ Pennsylvania។ ការបាញ់ប្រហារនេះបានធ្វើឱ្យលោក Trump រងរបួសត្រចៀក និងបណ្តាលឱ្យអ្នកប្រមូលផ្តុំម្នាក់ស្លាប់។
សេវាសម្ងាត់អាមេរិក កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ពីគណៈកម្មាធិការសភាជាច្រើន និងអ្នកឃ្លាំមើលផ្ទៃក្នុង នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ជុំវិញប្រតិបត្តិការរបស់ខ្លួន។ ប្រធានាធិបតី លោក Joe Biden ក៏បានអំពាវនាវឱ្យមានការពិនិត្យដោយឯករាជ្យផងដែរ។
គួរបញ្ជាក់ថា លោកស្រី Cheatle បានកាន់តំណែងជានាយកសេវាសម្ងាត់ តិចជាងមួយឆ្នាំប៉ុណ្ណោះ ហើយការលាលែងពីតំណែងរបស់លោកស្រី គឺជាការវាយប្រហារមួយទៀតដល់ទីភ្នាក់ងារដែលកំពុងតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន៕