(ប៉េកាំង)៖ អ៊ីស្រាអែលបានថ្កោលទោសភ្លាមៗ ចំពោះកិច្ចព្រមព្រៀងដែលជួយសម្របសម្រួលដោយចិន នៅថ្ងៃអង្គារ (២៣ កក្កដា) ដែលទីក្រុងប៉េកាំងបាននិយាយថា នឹងបញ្ចូលក្រុមហាម៉ាសទៅក្នុង «រដ្ឋាភិបាលបង្រួបបង្រួមជាតិ» នៅតំបន់ហ្គាហ្សាក្រោយសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ ២០២៤។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Katz បានព្រមានថា អ៊ីស្រាអែលនឹងកម្ទេទរដ្ឋាភិបាលហាម៉ាស និងបានចោទប្រកាន់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ពីការគាំទ្រចលនាហាម៉ាស ដែលបានបើកការវាយប្រហារនៅថ្ងៃទី៧ ខែតុលា បង្កជាសង្រ្គាម។ លោកបាននិយាយដូច្នេះថា «ការអនុញ្ញាតឱ្យក្រុមប្រដាប់អាវុធចូលរួមគ្រប់គ្រងតំបន់ហ្គាហ្សា ក្រោយសង្គ្រាម គឺជាភាពអាម៉ាស់សម្រាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល»។
ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បានសន្យាថានឹងបន្តសង្រ្គាមនៅតំបន់ហ្គាហ្សា រហូតដល់ក្រុមហាម៉ាសត្រូវបានលុបបំបាត់។ ទន្ទឹមនឹងនេះ ជម្លោះការទូតកាន់តែក្តៅឡើង ខណៈអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា រួមទាំងទីក្រុង Khan Yunis ភាគខាងត្បូង ដែលជាតំបន់ដែលខ្លួនបានបញ្ជាឱ្យមានការជម្លៀសជនស៊ីវិលមួយផ្នែក។
គួរបញ្ជាក់ថា ក្រុម Hamas និង Fatah បានចាប់ផ្តើមជួបគ្នានៅប្រទេសចិន កាលពីខែមេសា ឆ្នាំនេះ ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែងផ្សះផ្សា សំដៅបិទបញ្ចប់ជម្លោះរវាងភាគីទាំងពីរ ដែលមានរយៈពេល ប្រមាណជា១៧ឆ្នាំមកហើយ។ Hamas គឺជាក្រុមដែលគ្រប់គ្រងតំបន់ Gaza និងកំពុងស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល។ រីឯ Fatah គឺជាចលនារបស់លោក Mahmoud Abbas ជាប្រធានាធិបតីអាជ្ញាធរប៉ាឡេស្ទីន (Palestinian Authority) ដែលគាំទ្រដោយលោកខាងលិច និងដែលមានមូលដ្ឋាននៅតំបន់ West Bank ជាដែនដីប៉ាឡេស្ទីន ដែលស្ថិតក្រោមការត្រួតត្រា របស់អ៉ីស្រាអែល។
ក្រុមប៉ាឡេស្ទីនទាំងពីរនេះ មានបញ្ហាវិវាទនយោបាយនឹងគ្នា ចាប់តាំងពីក្រុម Hamas បានបណ្តេញក្រុម Fatah ចេញពី Gaza ក្នុងសង្រ្គាមរយៈពេលខ្លីមួយ កាលពីឆ្នាំ២០០៧។ ដោយផ្ទុយពីចិន សហរដ្ឋអាមេរិក តែងតែមានក្តីបារម្ភជានិច្ច អំពីកិច្ចប្រឹងប្រែងណាមួយ ដែលសំដៅជួយផ្សះផ្សាក្រុមទាំងពីរ ដ្បិតទីក្រុងវ៉ាស៉ីនតោន គាំទ្រអាជ្ញាធរប៉ាឡេស្ទីន ប៉ុន្តែបានកត់ឈ្មោះ Hamas ចូលបញ្ជីក្រុមភេរវករ៕