(តូក្យូ)៖ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុននិយាយថា ជប៉ុននឹងបន្តធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ទោះជាមេដឹកនាំរូបណានឹងមកគ្រប់សេតវិមាន ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក នាខែវិច្ឆិកាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ ២០២៤។
ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump ថាតៃវ៉ាន់គួរតែបង់លុយឱ្យសហរដ្ឋអាមេរិក សម្រាប់ការជួយការពារកោះនេះ។ នៅពេលត្រូវបានសួរថា តើវត្តមានរបស់ លោក Trump នឹងប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៉ីហ្វិកឬទេ? លោក Yoshimasa Hayashi ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន បញ្ជាក់ថា «សន្តិភាព និងស្ថិរភាពនៅឯច្រកសមុទ្រតៃវ៉ាន់ មិនត្រឹមតែសំខាន់ចំពោះសន្តិសុខផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍អន្តរជាតិទាំងមូល»។ លោកបន្ថែមថា «ដោយសារសហរដ្ឋអាមេរិក និងជប៉ុន ជឿជាក់លើសារៈសំខាន់នៃការដោះស្រាយបញ្ហាឆ្លងច្រកសមុទ្រដោយសន្តិវិធី ដូច្នេះយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតទាំងនេះ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏ដូចជាជប៉ុន មិនមានទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់ទេ។ ប៉ុន្តែសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រ រួមទាំងផ្នែកយោធាសម្រាប់តៃវ៉ាន់ ក្រោមគោលការណ៍ការពារខ្លួនឯង។ ដោយឡែក ទំនាក់ទំនងរវាងជប៉ុន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកក្នុងតំបន់អាស៉ី ជាមួយតៃវ៉ាន់ ធ្វើឡើងក្នុងលក្ខណៈជាកិច្ចសហប្រតិបត្តិការមិនផ្លូវការ លើវិស័យសេដ្ឋកិច្ច និងសន្តិសុខ៕