(អាឌីសអាបេបា)៖ អាជ្ញាធរក្នុងតំបន់បានឱ្យដឹងនាថ្ងៃអង្គារនេះថា គ្រោះរអិលបាក់ដីដ៏សាហាវមួយ នៅភាគខាងត្បូងប្រទេសអេត្យូពី នៃទ្វីបអាហ្រ្វិក បានផ្តាច់ជីវិតមនុស្សយ៉ាងហោច រហូតដល់១៤៦នាក់ ហើយបានព្រមានថា តួលេខអាចនឹងបន្តកើនថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤។
គ្រោះរអិលបាក់ដីខាងលើបានកើតឡើង កាលពីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់ភ្នំមួយកន្លែង ក្នុងស្រុក Geze-Gofa នៃរដ្ឋ South Ethiopia។ អាជ្ញាធរអេត្យូពី បាននិយាយថា សាកសពបុរសចំនួន៩៦នាក់ និងស្រ្តីចំនួន៥០នាក់ ត្រូវបានរកឃើញ ខណៈប្រតិបត្តិការរុករក កំពុងនៅបន្តយ៉ាងសកម្ម ហើយតួលេខអ្នកស្លាប់ អាចនឹងកើនថែមទៀត។ កន្លែងកើតហេតុ ស្ថិតនៅចម្ងាយប្រហែលជិត ៥០០គីឡូម៉ែត្រ ពីរដ្ឋធានី Addis Ababa។
គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារឆ្លើយតបមនុស្សធម៌ OCHA របស់អង្គការសហប្រជាជាតិ (UN) រដ្ឋ South Ethiopia បានទទួលរងការធ្លាក់ភ្លៀង អំឡុងចន្លោះពេលប៉ុន្មានខែ ចុងក្រោយនេះ ដែលបានបង្កជាគ្រោះទឹកជំនន់ និងការផ្លាស់ទីលំនៅប្រជាជនទ្រង់ទ្រាយធំ៕