(ហាណូយ)៖ ប៉ូលិសនៅក្នុងប្រទេសវៀតណាម បានចាប់ខ្លួនអតីតអនុរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមន្រ្តីជាន់ខ្ពស់ ៤នាក់ផ្សេងទៀត ដោយចោទប្រកាន់ពីការបំពានបទប្បញ្ញត្តិនៃការជីករ៉ែ បន្ទាប់ពីមានការស៉ើបអង្កេតយ៉ាងទូលំទូលាយទៅលើការប្រព្រឹត្តខុស នៅឯក្រុមហ៊ុនជីកយករ៉ែកម្រ ភាគខាងជើងប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ ២០២៤។
ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថា លោក Nguyen Linh Ngoc ដែលបម្រើការជាអនុរដ្ឋមន្រ្តីទទួលបន្ទុកការងារ ធនធានធម្មជាតិ និងបរិស្ថាន ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៨ ត្រូវបានចោទប្រកាន់ពីការបំពានដោយចេតនា លើបទប្បញ្ញត្តិនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ ដែលបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ។ ចំណែកមន្រ្តី ៤រូបទៀត របស់នាយកដ្ឋានរ៉ែនៃក្រសួង ក៏ត្រូវបានចាប់ខ្លួនពីការចោទប្រកាន់ដូចគ្នានេះដែរ។ មិនទាន់មាន ការអត្ថាធិប្បាយណាមួយទេ ពីអ្នកដែលត្រូវបានចាប់ខ្លួន ហើយការទូរស័ព្ទទៅក្រសួងបរិស្ថានក៏មិនមានអ្នកឆ្លើយតបដែរ។
គួរបញ្ជាក់ថា ក្រសួងបរិស្ថាន កាលពីឆ្នាំមុន បានចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ជាច្រើននាក់ រួមទាំងប្រធានក្រុមហ៊ុនជីកយករ៉ែកម្រ Thai Duong Group ដែលធ្វើប្រតិបត្តិការនៅក្នុងខេត្ត Yen Bai ភាគខាងជើងប្រទេសវៀតណាម ពីបទក្លែងបន្លំបង្កាន់ដៃពន្ធតម្លៃបន្ថែម ក្នុងការជួញដូររ៉ែកម្រ។ បច្ចុប្បន្នក្រសួងសន្តិសុខសាធារណៈ កំពុងធ្វើការស៉ើបអង្កេតបន្ថែមទៀត ដើម្បីយកទ្រព្យសម្បត្តិរដ្ឋដែលបានបាត់បង់មកវិញ៕