(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា នាព្រឹកថ្ងៃអង្គារនេះ ក្រុមប៉ាឡេស្ទីនចម្រុះ បានឯកភាពគ្នាបញ្ចប់ភាពបែកបាក់ ហើយងាកទៅពង្រឹងសាមគ្គីភាពប៉ាឡេស្ទីន តាមរយៈការចុះហត្ថលេខាលើសេចក្តីប្រកាសរួមទីក្រុងប៉េកាំង នៅឯប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថា សេចក្តីប្រកាសរួមខាងលើ ត្រូវបានចុះហត្ថលេខា នៅអំឡុងពិធីបិទបញ្ចប់ នៃដំណើរការកិច្ចសន្ទនាផ្សះផ្សាគ្នា ក្នុងចំណោមក្រុមប៉ាឡេស្ទីនចម្រុះ ដែលរៀបចំឡើងចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកក្កដា។ ចំណែក សារព័ត៌មានចិន CGTN បានឱ្យដឹងបន្ថែមថា ក្រុមប៉ាឡេស្ទីនចម្រុះទាំងនោះ មានចំនួនសរុប១៤ក្រុម រួមមានទាំងថ្នាក់ដឹកនាំ នៃក្រុមដែលជាគូបដិបក្ខ គឺហ្វាតា (Fatah) និងហាម៉ាស (Hamas) ហើយពិធីចុះហត្ថលេខា ក៏មានវត្តមានរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ផងដែរ។
ក្រុម Hamas និង Fatah បានចាប់ផ្តើមជួបគ្នានៅប្រទេសចិន កាលពីខែមេសា ឆ្នាំនេះ ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែងផ្សះផ្សា សំដៅបិទបញ្ចប់ជម្លោះរវាងភាគីទាំងពីរ ដែលមានរយៈពេល ប្រមាណជា១៧ឆ្នាំមកហើយ។ Hamas គឺជាក្រុមដែលគ្រប់គ្រងតំបន់ Gaza និងកំពុងស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល។ រីឯ Fatah គឺជាចលនារបស់លោក Mahmoud Abbas ជាប្រធានាធិបតីអាជ្ញាធរប៉ាឡេស្ទីន (Palestinian Authority) ដែលគាំទ្រដោយលោកខាងលិច និងដែលមានមូលដ្ឋាននៅតំបន់ West Bank ជាដែនដីប៉ាឡេស្ទីន ដែលស្ថិតក្រោមការត្រួតត្រា របស់អ៉ីស្រាអែល។
ក្រុមប៉ាឡេស្ទីនទាំងពីរនេះ មានបញ្ហាវិវាទនយោបាយនឹងគ្នា ចាប់តាំងពីក្រុម Hamas បានបណ្តេញក្រុម Fatah ចេញពី Gaza ក្នុងសង្រ្គាមរយៈពេលខ្លីមួយ កាលពីឆ្នាំ២០០៧។ ដោយផ្ទុយពីចិន សហរដ្ឋអាមេរិក តែងតែមានក្តីបារម្ភជានិច្ច អំពីកិច្ចប្រឹងប្រែងណាមួយ ដែលសំដៅជួយផ្សះផ្សាក្រុមទាំងពីរ ដ្បិតទីក្រុងវ៉ាស៉ីនតោន គាំទ្រអាជ្ញាធរប៉ាឡេស្ទីន ប៉ុន្តែបានកត់ឈ្មោះ Hamas ចូលបញ្ជីក្រុមភេរវករ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ចិនបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃឥទ្ធិពលការទូតរបស់ខ្លួន ក្នុងតំបន់មជ្ឈិមបូព៌ា។ តួយ៉ាង កាលពីឆ្នាំ២០២៣ ទីក្រុងប៉េកាំងបានសម្រេចជោគជ័យ ក្នុងការជួយសម្រុះសម្រួលកិច្ចព្រមព្រៀងផ្សះផ្សាគ្នា រវាងគូសត្រូវក្នុងតំបន់ គឺអារ៉ាប៊ីសាអូឌីតនិងអ៉ីរ៉ង់៕