(ហ្កាហ្សា)៖ ក្រុមគ្រូពេទ្យក្នុងតំបន់ហ្កាហ្សានិយាយថា អ៉ីស្រាអែលបានបញ្ជូនរថក្រោះត្រលប់ទៅកាន់ទីក្រុង Khan Younis ដែលរងការបំផ្លិចបំផ្លាញកន្លងមក បន្ទាប់ពីចេញបញ្ជាឱ្យមានការជម្លៀសខ្លួនចេញពីសង្កាត់មួយចំនួន ដោយលើកឡើងថា ក្រុមហាម៉ាសបានយកទីតាំងនោះប្រើប្រាស់សម្រាប់ការវាយប្រហារជាថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ ២០២៤។
យោធាអ៉ីស្រាអែលថា បានចេញសេចក្តីប្រកាសមួយឱ្យប្រជាជននៅប៉ែកខាងកើតនៃទីក្រុង Khan Younis ចាកចេញ ក្រោយទទួលបានព័ត៌មានសម្ងាត់ដែលថា ក្រុមសកម្មប្រយុទ្ធកំពុងបាញ់រ៉ុក្កែតចេញពីតំបន់ទាំងនោះ ហើយក្រុមហាម៉ាស់ព្យាយាមប្រមូលផ្តុំកម្លាំងឡើងវិញ។ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៧០នាក់បានស្លាប់ក្នុងការបាញ់ផ្លោងរបស់អ៉ីស្រាអែល លើទីប្រជុំជន Bani Suhaila និងទីប្រជុំជនផ្សេងទៀតដែលនៅជាប់នឹងភាគខាងកើតទីក្រុង Khan Younis ហើយទីនោះក៏រងនូវការទម្លាក់គ្រាប់បែកពីលើអាកាសផងដែរ។ អ្នកស្រុកនិយាយថា រថក្រោះបានរុលទៅមុខជាង ២គីឡូម៉ែត្រចូលទៅក្នុងទីប្រជុំជន Bani Suhaila បង្ខំឱ្យពួកគេរត់គេចចេញទាំងភ្លើងកំពុងឆាបឆេះ។ បើតាមក្រសួងសុខាភិបាលតំបន់ អ្នកស្លាប់រួមមានស្រ្តី និងកុមារ ហើយមនុស្សជាង ២០០នាក់រងរបួស។
គួរបញ្ជាក់ថា មន្រ្តីប៉ាឡេស្ទីននិយាយថា មនុស្សប្រហែល ៤០០,០០០នាក់កំពុងរស់នៅក្នុងតំបន់ដែលត្រូវបានកំណត់គោលដៅ ហើយជាច្រើនគ្រួសារចាប់ផ្តើមចាកចេញពីផ្ទះសម្បែង ដោយបន្ថែមថា ពួកគេគ្មានពេលគ្រប់គ្រាន់ដើម្បីរត់គេចពីគ្រោះថ្នាក់ទេ មុនពេលអ៉ីស្រាអែលចាប់ផ្តើមការវាយលុកឡើងវិញ។ សមាគមអឌ្ឍចន្ទក្រហមប្រចាំដែនដីប៉ាឡេស្ទីន បានឱ្យដឹងថា គ្លីនិកចំនួនពីរនៅភាគខាងកើតទីក្រុង Khan Younis ត្រូវបិទដំណើរការដោយសារតែការវាយលុកថ្មីនេះ៕