(ដាកា)៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានទម្លាក់ការទទួលខុសត្រូវទៅលើគណបក្សប្រឆាំង ជុំវិញអំពើហិង្សាដែលបានផ្ទុះឡើងក្នុង បាតុកម្មតវ៉ាដឹកនាំដោយក្រុមនិស្សិតប្រឆាំងនឹងការកំណត់កូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខណ្ឌរដ្ឋ ជាមួយការសង្កត់ធ្ងន់ថាបម្រាមគោចរនឹងត្រូវបានដកចេញ នៅពេលស្ថានការណ៍ល្អប្រសើរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងការអត្ថាធិប្បាយមួយជាលើកដំបូងកាលពីថ្ងៃចន្ទ ទី២២ ខែកក្កដា ចាប់តាំងពីរដ្ឋាភិបាលរបស់លោកស្រីដាក់ចេញបម្រាមគោចរកាលពីថ្ងៃសុក្រសប្ដាហ៍មុនមក លោកស្រី Hasina បានគូសបញ្ជាក់ដូច្នេះថា «នៅពេលដែលទង្វើភេវកម្មដុតបំផ្លាញបានកើតឡើង ក្រុមបាតុករជានិស្សិតបាននិយាយថាពួកគេមិនមានជាប់ពាក់ព័ន្ធ ទេ។ យើងត្រូវបានបង្ខំចិត្តឱ្យដាក់ចេញបម្រាមគោចរដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន»។ លោកស្រីបន្តថាមិនចង់ធ្វើបែបនេះឡើយ តែ បម្រាមគោចរនឹងត្រូវបន្តដាក់ឱ្យអនុវត្តរហូតទាល់តែស្ថានការណ៍ត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ។
លោកស្រី Hasina ក៏បានឆ្លៀតទម្លាក់ការទទួលខុសត្រូវចំពោះអំពើហិង្សាដែលបានកើតឡើងកាលពីសប្ដាហ៍មុន ទៅលើគណបក្សប្រឆាំងធំៗ២ គឺគណបក្ស Bangladesh Nationalist Party និង Jamaat-e-Islami។
គួរបញ្ជាក់ថា តាមទិន្នន័យពីមន្ទីរពេទ្យបង់ក្លាដែស មនុស្សយ៉ាងហោច ១៤៧នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាយ៉ាងសាហាវអស្ចារ្យរវាងក្រុមបាតុករ និងប៉ូលិស អំឡុងបាតុកម្មតវ៉ាដែលបានផ្ទុះឡើងកាលពីសប្ដាហ៍មុនមក។ ភាពស្ងប់ស្ងាត់នៅតាមដងផ្លូវក្នុងរដ្ឋធានីដាកា (Dhaka) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពី តុលាការកំពូលបង់ក្លាដែស យល់ព្រមបញ្ចុះកូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខណ្ឌរដ្ឋពី៥៦ភាគរយ មកនៅត្រឹម៧ភាគរយ សម្រាប់កូនចៅរបស់អ្នកនយោបាយ ដែលបានកសាងស្នាដៃធំៗជូនជាតិ និងអ្នកតស៊ូទាមទារឱ្យឯករាជ្យឱ្យប្រទេសជាតិ។
ពោលគឺ ក្នុងពេលបច្ចុប្បន្ន កន្លែងការងារសម្រាប់ក្របខណ្ឌមន្ត្រីរដ្ឋការមានចំនួន ៩៣ភាគរយ ដែលបើកចំហសម្រាប់ពលរដ្ឋបង់ក្លាដែសទូទៅដែលមានសមត្ថភាព ហើយក្នុងពេលដំណាលគ្នា តុលាការកំពូលក៏បានបង្គាប់ឱ្យនិស្សិតបញ្ឈប់សកម្មភាពតវ៉ាផងដែរ៕