(HUALIEN, តៃវ៉ាន់)៖ កោះតៃវ៉ាន់ នៅថ្ងៃអង្គារ ទី២៣ ខែកក្កដានេះបានលុបចោលលំហាត់សឹកមួយចំនួន នៅក្នុងសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួនឈ្មោះ Han Kuang ខណៈ ព្យុះទីហ្វុង Gaemi កំពុងបក់បោកតម្រង់ទៅរកតៃវ៉ាន់ ជាមួយការរំពឹងថានឹងនាំមកជាមួយនូវខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមការបញ្ជាក់ពីអាជ្ញាធរឧតុនិយមតៃវ៉ាន់ Gaemi ដែលជាព្យុះទីហ្វុងដំបូងគេនឹងវាយប្រហារតៃវ៉ាន់ក្នុងឆ្នាំនេះត្រូវបានរំពឹងថានឹងបក់បោកដល់តំបន់ដីគោកនៅឯតំបន់ឆ្នេរភាគឦសាន នៃកោះតៃវ៉ាន់ អាចនៅចន្លោះពីយប់ថ្ងៃពុធ ដល់ព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ បច្ចុប្បន្ន ព្យុះនេះដែលត្រូវបានកំណត់ជាប្រភេទព្យុះទីហ្វុងមានឥទ្ធិពលខ្លាំងកម្រិតមធ្យមដោយតៃវ៉ាន់ ក៏ត្រូវបានរំពឹងដែរថានឹងបក់បោកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយអាចនឹងវាយប្រហារលើខេត្ត Fujian ស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិន នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ។
គួរបញ្ជាក់ថា ប្រឈមមុខនឹងការមកដល់នៃព្យុះ Gaemi សមយុទ្ធប្រចាំឆ្នាំ Han Kuang របស់តៃវ៉ាន់ដែលកំពុងប្រព្រឹត្តក្នុងសប្ដាហ៍នេះត្រូវបានដាក់កំហិតមួយចំនួន ក្នុងនោះរួមមាន ទាំងការលុបចោលលំហាត់សឹកមួយចំនួន ដូចជាការធ្វើសមយុទ្ធយន្ដហោះចម្បាំងនៅឯតំបន់ឆ្នេរភាគខាងកើត៕